FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាលបង្កើតក្រុមការងារចំពោះកិច្ចសម្រួលការចាប់ផ្តើម និងប្រតិបត្តិអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម

14-08-2026 15:26

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីសម្រួលដល់ការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលហៅកាត់ថា ក.ក.ស.​ក្នុងគោលបំណងជំរុញ និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានភាពងាយស្រួល និងទាក់ទាញសម្រាប់វិស័យឯកជន ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ក.ក.ស. មានតួនាទីសំខាន់ក្នុងការសិក្សា ពិនិត្យ និងកែលម្អនីតិវិធីពាក់ព័ន្ធនឹងការចាប់ផ្តើម និងកិច្ចប្រតិបត្តិអាជីវកម្ម ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ធុរកិច្ច។

ក្រុមការងារចំពោះកិច្ចនេះ មានសមាសភាពសំខាន់ៗមកពីស្ថាប័នរដ្ឋពាក់ព័ន្ធ ដោយមានលោក សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន ,លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធាន និង​លោក ធី ខេមរា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអនុប្រធានប្រចាំការ។

ការបង្កើតក្រុមការងារនេះ ​មានគោលដៅឆ្ពោះទៅរក ការកាត់បន្ថយនីតិវិធី ពេលវេលា កម្រៃសេវា និងបន្ទុករដ្ឋបាល និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែ សាមញ្ញ ឌីជីថល (ងាយស្រួល ឆាប់រហ័ស) និងស័ក្តិសិទ្ធិ ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើន និងការប្រកួតប្រជែងរបស់ ស.ម.ត.ម. នៅកម្ពុជា៕