FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

JICA និង​ ITC​ នឹងរៀបកម្មវិធី JICA Chair ស្តីពី «បទពិសោធន៍នៃការអភិវឌ្ឍផ្លូវរថភ្លើងក្នុងក្រុង និងការអភិវឌ្ឍក្រុងផ្អែកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅជប៉ុន និងតំបន់អាស៊ី»

14-08-2026 15:24

(ភ្នំពេញ)៖​ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នឹងរៀបចំកម្មវិធី JICA Chair ក្រោមប្រធានបទ «ប្រព័ន្ធផ្លូវរថភ្លើងក្នុងក្រុង និងការអភិវឌ្ឍក្រុងផ្អែកលើប្រព័ន្ធដឹកជញ្ជូន សាធារណៈ (Transit-oriented Development (TOD) សម្រាប់រាជធានីក្នុងតំបន់អាស៊ី»។

ពិធីនេះនឹងធ្វើបទបង្ហាញដោយ លោកសាស្ត្រាចារ្យ បណ្ឌិត MORICHI Shigeru ទីប្រឹក្សាជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវការដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) និងជាសាស្ត្រាចារ្យកិត្តិយស (Professor Emeritus) នៃវិទ្យាស្ថានជាតិសិក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ (GRIPS) សាកលវិទ្យាល័យតូក្យូ និងវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ ដែលនឹងប្រារព្ធធ្វើនៅសាលសន្និសីទ ITC អគារ A។

កម្មវិធី JICA Chair ត្រូវបានបង្កើតឡើងក្រោមកម្មវិធីសិក្សាការអភិវឌ្ឍនៃ JICA (JICA-DSP) ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៨ ដើម្បីគាំទ្រដល់ការអភិវឌ្ឍថ្នាក់ដឹកនាំជំនាន់ក្រោយនៅក្នុងប្រទេសជាដៃគូ។ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផ្នែកសិក្សាធិការ កម្មវិធីនេះបានណែនាំអំពីដំណើរការធ្វើទំនើបកម្ម បទពិសោធន៍នៃការអភិវឌ្ឍ និងការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការចែករំលែកចំណេះដឹងរវាងប្រទេសជប៉ុន និងប្រទេសជាដៃគូ។

កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធន៍ និងមេរៀនដែលទទួលបានពីបទពិសោធន៏នៃការដឹកជញ្ជូនក្នុងក្រុង និងគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍក្រុងដោយផ្អែកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ (TOD) នៅទូទាំងតំបន់អាស៊ី ព្រមទាំងជំរុញការសន្ទនាស្តីពីគោលនយោបាយដឹកជញ្ជូនក្នុងក្រុង ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍការដឹកជញ្ជូនក្នុងក្រុងប្រកបដោយចីរភាព។

កម្មវិធីនេះក៏នឹងផ្តល់នូវការយល់ដឹងស៊ីជម្រៅអំពីបទពិសោធន៍របស់ប្រទេសជប៉ុន និងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការអភិវឌ្ឍផ្លូវរថភ្លើងក្នុងក្រុង និងការរៀបចំដែនដីក្រុងផ្អែកលើប្រព័ន្ធផ្លូវរថភ្លើងផងដែរ។ តាមរយៈការពិនិត្យមើលការអនុវត្តជាក់ស្តែង និងមេរៀនក្នុងតំបន់ អ្នកចូលរួមបានទទួលឱកាសពង្រឹងការយល់ដឹងរបស់ខ្លួនទាំងលើកាលានុវត្តភាព និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងក្នុងក្រុងប្រកប ដោយចីរភាពផ្នែកសង្គម និងហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងបទបង្ហាញរបស់ លោកសាស្ត្រាចារ្យ បណ្ឌិត MORICHI បានចែករំលែកនូវបទពិសោធន៍យ៉ាងទូលំទូលាយរបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍផ្លូវរថភ្លើងក្នុងក្រុង និងការអភិវឌ្ឍក្រុងផ្អែកលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ (TOD) ព្រមទាំងមេរៀនដែលទទួលបានពីទីក្រុងផ្សេងទៀតក្នុងតំបន់អាស៊ី ដែលបានបញ្ជ្រាបហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទៅក្នុងការអភិវឌ្ឍក្រុងដោយជោគជ័យ។

លោកក៏នឹងពិភាក្សាអំពីយន្តការហិរញ្ញប្បទានគម្រោង និងវិធីសាស្ត្រនៃការចូលរួមពីវិស័យឯកជន ដែលរួមចំណែកដល់ចីរភាពរយៈពេលវែងនៃប្រព័ន្ធផ្លូវរថភ្លើងក្នុងក្រុងផងដែរ។

កម្មវិធីនេះ ត្រូវបានរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ១០០នាក់ រួមមានតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងជញ្ជូន, រដ្ឋបាលរាជធានីភ្នំពេញ និងដៃគូអភិវឌ្ឍន៍ ដូចជា ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

អ្នកជំនាញផ្នែកដឹកជញ្ជូន អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត ក៏ត្រូវបានរំពឹងថានឹងអញ្ជើញចូលរួមផងដែរ។ តាមរយៈកម្មវិធី JICA Chair អង្គការ JICA បន្តលើកកម្ពស់ការយល់ដឹងអំពីបទពិសោធន៍ធ្វើទំនើបកម្ម និងចំណេះដឹងអភិវឌ្ឍន៍របស់ជប៉ុន ព្រមទាំងជំរុញការសន្ទនាស្តីពីបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពដែលប្រទេសដៃគូកំពុងជួបប្រទះ។ ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងរួមចំណែកដល់ការពិភាក្សាដែលកំពុងប្រព្រឹត្តទៅស្តីពីអនាគតនៃប្រព័ន្ធដឹកជញ្ជូនក្នុងក្រុងរបស់កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញដឹកជញ្ជូននាអនាគត៕