FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រីក្រីក្រ ដែលសម្តេចសាងសង់នៅភ្នំពេញ សាងសង់ជិតរួចរាល់ហើយ (Video inside)

14-08-2026 15:14

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កន្លែងស្នាក់នៅរបស់និស្សិតជាស្ត្រីក្រីក្រ ដែលសម្តេចសាងសង់នៅរាជធានីភ្នំពេញ សាងសង់ជិតរួចរាល់ហើយ ដែលអាចឱ្យនិស្សិតស្នាក់នៅ រហូតដល់ទៅ៥០០នាក់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកទី១៤ ខែសីហា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅទីក្រុងភ្នំពេញ ខ្ញុំ និងភរិយា និងដៃគូមួយទៀត គឺបានកំពុងតែសាងសង់ បានប្រមាណជាង៧០ភាគរយហើយ នូវអន្តេវាសិកដ្ឋានមួយ សម្រាប់ស្ដ្រីក្រីក្រ ចំនួន៥០០នាក់ ដែលនឹងដាក់ឲ្យដំណើរការ នាពេលខាងមុខ»

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់សាងសង់ កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី និងប្រាប់ដល់សាកលវិទ្យាល័យ នៅតាមបណ្ដាខេត្ដ គួរតែរៀបចំឲ្យមានកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វិទ្យាល័យ ដែលសម្ដេចសាងសង់ សុទ្ធតែមានកន្លែងស្នាក់នៅ សម្រាប់សិស្សមកពីចម្ងាយ និងសម្រាប់គ្រូផងដែរ ដើម្បីកាត់បន្ថយនូវការលំបាករបស់សិស្សានុសិស្ស ជាពិសេសសិស្សជាស្ដ្រី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានដើរចេញឆ្ងាយហើយ ពីស្ថានភាពអតីតកាលរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យស្ត្រីរៀនបានច្រើន។ ដូច្នេះត្រូវយកចិត្តទុកដាក់ សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី។

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ដី២ហិកតា នៅខណ្ឌជ្រោយចង្វារ ដែលមានតម្លៃជាង១០លានដុល្លារ ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រ មកពីបណ្តាខេត្តមកបន្តការសិក្សា នៅរាជធានីភ្នំពេញ។

បើតាមគម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់ នៅបាន៥០៤នាក់ ដោយក្នុង១បន្ទប់ៗ ស្នាក់នៅបានចំនួន៤នាក់ មានបន្ទប់ទឹក និងចង្ក្រានបាយផងដែរ។ នៅជាន់ទី១ ទី២ និងទី៣ មានបន្ទប់ស្នាក់នៅចំនួន១២៦បន្ទប់ រាងអក្សរ U។

ក្នុងនោះ ក៏មានបំពាក់ឧបករណ៍ទឹកស្អាត២ឈុត សាងសង់ក្លោងទ្វារធំចំនួន១ ដងទង់ជាតិ១ របង និងផ្លូវបេតុង ព្រមទាំងមានតារាងបាល់បោះ១ និងបាល់ទះ១ផងដែរ។ ក្នុងអគារនេះ ក៏មានការកសាងប៉ុស្តិ៍សុខភាព នៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យ ប្រចាំការផងដែរ៕