FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ (Video inside)

14-08-2026 14:52

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ត្រីជាស្មៀងឃុំ នៅមានចំនួនតិចតួចនៅឡើយ ដែលទាមទារឱ្យមានការគិតគូរបន្ថែម និងបើកឱកាសដល់ស្ត្រីចូលរួមជាសរសៃឈាមសម្រាប់ជាតិ។

សម្ដេច បានណែនាំដល់គណបក្សទាំងអស់ ត្រូវផ្ដល់ឱកាសដល់ស្ត្រីឈរឈ្មោះជាបេក្ខជនឱ្យបានច្រើន ហើយស្ត្រីទាំងអស់ដែលបានឈរឈ្មោះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងអាចបម្រើប្រជាជនបាន។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានណែនាំទៅគណបក្សនយោបាយទាំងអស់ ដាក់បេក្ខភាពជាស្ត្រីនៅលេខរៀងជាប់ឆ្នោតយ៉ាងតិចមួយឃុំ មួយរូប និងណែនាំឱ្យដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។

សម្ដេច បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំលើកទឹកចិត្តឱ្យស្រ្តីយើងប្រណាំងប្រជែងដើម្បីយកតំណែងស្មៀនឃុំ។ ពេលខ្ញុំចុះទៅខេត្តកំពង់ស្ពឺ ខ្ញុំមានមោទនភាព ដោយឃើញស្ត្រីជាស្ត្រីស្មៀនឃុំមានច្រើន ហើយភាគច្រើនរៀនចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានប្រឡងជាប់ជាស្មៀនឃុំ»

ដើម្បីលើកទឹកចិត្តដល់ស្ត្រី សម្ដេច នឹងដាក់ចេញគោលដៅឆ្នាំ២០៥០ កម្ពុជានឹងមានស្ត្រីជាស្មៀនឃុំ ៥០% និងផ្ដល់ឱកាសឱ្យប្រឡងនៅឃុំដែលខ្លួនរស់នៅ ជាពិសេសស្ត្រីដែលមកពីតំបន់ជនជាតិដើមភាគតិច៕