FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្តាំវិទ្យុ ABC ឱ្យបញ្ឈប់ការជជីកសួរ និងបកអាក្រាតរឿងគ្រួសារដែលបែកបាក់គ្នា (Video inside)

14-08-2026 14:45

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តាំទៅអាចារ្យអេ និងពិធីការិនីវិទ្យុ ABC ឱ្យបញ្ឈប់ការជជីកសួរ និងផ្សព្វផ្សាយរឿងរ៉ាវបែកបាក់ក្នុងគ្រួសារ ដែលនាំឱ្យភាគីពាក់ព័ន្ធហែកហួរ និងបកអាក្រាតគ្នាជាសាធារណៈ។

ការផ្តាំនេះធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងពាក់ព័ន្ធនឹងបញ្ហាសីលធម៌សង្គម ការហែកហួរ និងការជេរប្រមាថតាមបណ្តាញសង្គម ជាពិសេសចំពោះស្ត្រី និងវីរជនកងទ័ព ក្នុងឱកាសជួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំអំពាវនាវទៅកាន់វិទ្យុអាចារ្យអេ ជាពិសេសពិធីការិនីតែម្តង សូមកុំឱ្យចោទសួរខ្លាំងពេកអំពីពេលដែលមានរឿងចឹង គួរតែថា វិទ្យុនេះមិនគួរតែទៅលើការហែកកេរ្តិ៍ប្តីប្រពន្ធ នៅក្នុងវិទ្យុនេះទេ»

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា ការផ្សព្វផ្សាយបញ្ហាគ្រួសារតាមរបៀបជជីកសួរ និងបកអាក្រាតគ្នា អាចធ្វើឱ្យរឿងរ៉ាវកាន់តែធ្ងន់ធ្ងរ ដោយសម្តេចបានផ្តាំទៅអាចារ្យអេ និងជាពិសេសពិធីការិនី ដែលសម្តេចសង្កេតឃើញថា ចូលចិត្តសួរជីកជ្រៅពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការមើល TikTok សម្តេចបានឃើញការជេរប្រមាថ និងបកអាក្រាតគ្នាក្នុងកម្រិតធ្ងន់ធ្ងរ រហូតដល់មានការនិយាយដល់ឪពុកម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ និងសាច់ញាតិផ្សេងៗ ដែលសម្តេចយល់ថា មិនគួរបន្តផ្សព្វផ្សាយបែបនេះទៀតឡើយ។

សម្តេចតេជោ បានលើកឡើងថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក៏មានការងារពាក់ព័ន្ធនឹងការលើកកម្ពស់ស្ត្រី សីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរ ដូច្នេះគួរតែចូលរួមធ្វើការងារលើបញ្ហានេះផងដែរ៕