FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅបក្សប្រជាជនកម្ពុជា ឱ្យដាក់បេក្ខភាពស្ត្រីនៅ​លេខ​រៀង​ជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប  និងដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក

14-08-2026 14:46

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានណែនាំទៅគណបក្សប្រជាជនកម្ពុជា ឲ្យដាក់បេក្ខភាពស្ត្រីនៅ​លេខ​រៀង​ជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប ក្នុងនោះបក្សប្រជាជនកម្ពុជា ក៏ត្រូវតែដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុកផងដែរ។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ថ្នាក់ខេត្ត ថ្នាក់ស្រុក សុទ្ធតែមានគោលការណ៍សម្រាប់ស្រ្ដី ក្នុងនោះមានអភិបាលរងមួយយ៉ាងតិច ប៉ុន្ដែនៅឡើយថ្នាក់ឃុំ កន្លងទៅខ្ញុំដើរបាន២៣ខេត្តក្រុងហើយ ក្នុងចំណោម២៥ខេត្ត ក្នុង២៣ខេត្តយើងសង្កេតឃើញថា ស្រ្ដីរបស់យើងអត់ទាន់មាននៅក្នុងថ្នាក់ឃុំនៅឡើយ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះហើយបានជាខ្ញុំ នៅក្នុងការបញ្ជូនការណែនាំ របស់គណបក្សប្រជាជន ទៅកាន់គណបក្សមូលដ្ឋាន សម្រាប់ការត្រៀមបោះឆ្នោតឃុំសង្កាត់ ក្នុងនោះមានក្រមសីលធម៌ សម្រាប់ការរៀបចំបេក្ខជន ផ្ដល់ឲ្យមានស្រ្ដី [....]។ សម្រាប់តាមបណ្ដាខេត្ត កន្លងមកបានសួរខេត្តខ្លះថា មានគ្រប់ តែគ្រប់នៅក្នុងបញ្ជីបោះឆ្នោត ប៉ុន្ដែដាក់នៅលេខរៀង ដែលមិនជាប់ឆ្នោត ឥឡូវនេះគោលការណ៍ជារួម គឺត្រូវធ្វើយ៉ាងណាក្នុងមួយឃុំ ត្រូវមានស្រ្ដីម្នាក់ជាប់ឆ្នោត យ៉ាងហោចណាស់ត្រូវតែមានស្រ្ដីម្នាក់ជាប់ឆ្នោត [......]។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថា «ដូច្នេះក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំបានកំណតឲ្យមានស្ដ្រី ឈរទៅក្នុងលំដាប់ជាប់ឆ្នោត ដោយឡែកមានឃុំមួយនៅខេត្តកំពង់ស្ពឺ បែរជាមានស្រ្ដីដល់ទៅ៤នាក់ក្នុងចំណោម៧នាក់ ចេញពីគណបក្សប្រជាជនចំនួន៣នាក់ ចេញពីគណបក្សភ្លើងទានម្នាក់ សរុបទាំងអស់៤នាក់។ ឃុំ ស្រុក ខេត្ត ខ្លះគេយកចិត្តទុកដាក់ ដូច្នេះពេលនេះគឺរុញធ្វើយ៉ាងណាត្រូវតែមាន១យ៉ាងតិច»

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ដូច្នេះសូមរៀបចំជាមួយកិច្ចការងារនេះ ដើម្បីសម្រិចសម្រាំងពេលដែលរៀបចំ បេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើយ៉ាងម៉េចឲ្យមានស្រ្ដី។ ចំពោះស្រ្ដីក៏គួរត្រូវបានការបណ្ដុះបណ្ដាល និងជាមនុស្សដែលអាចធ្វើការ បម្រើប្រជាជនបានផងដែរ ដូច្នេះមួយឃុំមិនខ្វះមនុស្សម្នាក់ដើម្បីធ្វើតំណាង ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងត្រូវបោះឆ្នោតនៅឆ្នាំក្រោយនោះទេ៕