មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ បើកដំណើរការជាផ្លូវការកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦
14-08-2026 12:17
(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជើញជាអធិបតីបើកដំណើរការជាផ្លូវការនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ ដោយមានការចូលរួមពីតំណាងដៃគូសហការរៀបចំកម្មវិធី ដែលរួមមាន លោកស្រី សុគន្ធ សុជាតា ប្រធានផ្នែកអភិវឌ្ឍន៍ និងសម្របសម្រួលគម្រោងនៃសហគ្រិនខ្មែរ, ធុរកិច្ចថ្មី ដៃគូអភិវឌ្ឍន៍ វិនិយោគិន និងតួអង្គសំខាន់ៗក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាជាច្រើនរូបផងដែរ
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» មានលក្ខណៈខុសប្លែកពីកម្មវិធីពន្លឿនអាជីវកម្មទូទៅដោយផ្តោតលើការចាប់ផ្តើមពីបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែង តាមរយៈការតភ្ជាប់រវាងអ្នកជំនាញតាមវិស័យ និងក្រុមធុរកិច្ចថ្មីដែលនឹងផ្តល់ដំណោះស្រាយចំគោលដៅនៃបញ្ហាដែលបានកំណត់។ នារដូវកាលទី៦ កម្មវិធីផ្តោតការគាំទ្រលើក្រុមធុរកិច្ចថ្មីស្ថិតក្នុង២ ដំណាក់កាល រួមមាន៖ កំពុងអភិវឌ្ឍផលិតផលអប្បបរមា និងកំពុងប្រតិបត្តិការក្នុងទីផ្សារ។
នៅក្នុង «ថ្ងៃបទបង្ហាញបញ្ច្រាស» នៃការបើកដំណើរការជាផ្លូវការនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦នេះ ធុរកិច្ចថ្មីទាំង១៤ ក្រុមដែលបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបានជ្រាបកាន់តែច្បាស់ ពីចំណោទបញ្ហាទីផ្សារសំខាន់ៗ ដោយមានការចូលរួមបញ្ជាក់បន្ថែមពីអ្នកជំនាញ និងអ្នកតម្រង់ទិសលើចំណោទបញ្ហាទីផ្សារ (Market Challenges) ចំនួន៥ ដូចជា៖ (១) ដំណោះស្រាយឌីជីថលសម្រាប់ការភ្ជាប់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម, (២) ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារ និងជំរុញការលូតលាស់អាជីវកម្ម, (៣) ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម, (៤) ដំណោះស្រាយឌីជីថល ឬ ឧបករណ៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មទេសចរណ៍, និង (៥)ដំណោះស្រាយឌីជីថលក្នុងវិស័យធានារ៉ាប់រង។
កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាសហគ្រិនជាធុរកិច្ចថ្មី និងនវានុវត្តជន ដោយមានការដាក់ពាក្យស្នើសុំរហូតដល់ ៩៥ក្រុម ក្រោយការវាយតម្លៃយ៉ាងម៉ត់ចត់ និងល្អិតល្អន់ កម្មវិធីបានជ្រើសរើសក្រុមធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខន្តិកៈនៃកម្មវិធី ចំនួន ១៤ក្រុម ដើម្បីរួមដំណើរប្រកបដោយស្មារតីបុរេសកម្ម និង ការតាំងចិត្តខ្ពស់។
ធុរកិច្ចថ្មីទាំង១២ ក្រុមនឹងឆ្លងកាត់វគ្គជំរុំចាប់ផ្តើម (Bootcamp) រយៈពេល ៤សប្តាហ៍, វគ្គពន្លឿនអាជីវកម្ម (Acceleration) រយៈពេល ១១សប្តាហ៍ និងថ្ងៃបទបង្ហាញឆ្ពោះទៅមុខ (Forward Pitch Day) ដែលធុរកិច្ចថ្មីនឹងបង្ហាញពីសក្តានុពល និងវឌ្ឍនភាពនៃការអភិវឌ្ឍអាជីវកម្មទៅកាន់សាធារណជន ដើម្បីប្រកួតប្រជែងឱកាសក្លាយជាម្ចាស់ជ័យលាភី ដែលនឹងទទួលបាន ប្រាក់ទុនវិនិយោគមិនយកភាគហ៊ុន (Equity-free Investment) សរុបចំនួន ៨០ លានរៀល។
នៅក្នុងឱកាសនោះលោក បណ្ឌិត តាំង ងួនលី បានចែករំលែកអនុសាសន៍សំខាន់ៗទៅកាន់ធុរកិច្ចថ្មីរួមមាន៖ ត្រូវបើកចិត្តទូលាយ និងមានសមត្ថភាពក្នុងការបត់បែនខ្ពស់៖ ចៀសវាងការជាប់ចិត្តនឹងគំនិត ឬ ដំណោះស្រាយរបស់ខ្លួនក្នុងដំណាក់កាលដំបូង ត្រូវខិតខំស្តាប់ ធ្វើតេស្ត និងកែលម្អឡើងវិញឱ្យបានឆាប់រហ័ស។ ដឹកនាំអនុវត្តដោយមានវិន័យខ្ពស់៖ ទេពកោសល្យអាចឱ្យអ្នកចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែការអនុវត្តការងារប្រចាំថ្ងៃដោយម៉ឺងម៉ាត់ ទើបជាកត្តាជំរុញការពង្រីកអាជីវកម្ម, និង ប្រើប្រាស់បណ្តាញទំនាក់ទំនងឱ្យអស់ពីលទ្ធភាព៖ កុំមានភាពរុញរាក្នុងការប្រើប្រាស់ធនធានដែលមានស្រាប់, ត្រូវសកម្មក្នុងការកសាងទំនាក់ទំនង, ចោទសួរសំនួរពិបាកៗ និង រក្សាទំនាក់ទំនងទាំងនោះប្រកបដោយគុណតម្លៃ។
សូមបញ្ជាក់ដែរថា កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) ដោយមានកិច្ចសហការរៀបចំយ៉ងជិតស្និទ្ធពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរផងដែរ៕










