បណ្ឌិត យង់ ពៅ៖ ថៃបានបំពានច្បាប់អន្តរជាតិ បំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងឈ្លានពានកម្ពុជា
14-08-2026 11:58
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងច្បាស់ថា ប្រទេសថៃ បានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង F-16 និងកាំភ្លើងធុនធំទម្លាក់គ្រាប់ និងផ្លោងបំផ្លិចបំផ្លាញទីតាំងស៊ីវិល និងទីតាំងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទូទាំងពិភពលោក នៅក្នុងអំឡុងបើកការឈ្លានពានមកលើទឹកដីកម្ពុជាដោយខុសច្បាប់។
ថ្លែងនៅចំពោះមុខអ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន តំបន់អឺរ៉ុប និងអាស៉ី ក្នុងពិធីបើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ការមិនផ្សព្វផ្សាយព័ត៌មានទាំងនេះទៅកាន់អន្តរជាតិ នឹងធ្វើឱ្យកម្ពុជាបាត់បង់ឱកាសក្នុងការទាមទារយុត្តិធម៌។
លោកបណ្ឌិត យង់ ពៅ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំមើលឃើញថាថៃរំលោភទំនុកចិត្តសកល តាមរយៈការបំពានច្បាប់អន្តរជាតិ បំផ្លាញបេតិកភណ្ឌមនុស្សជាតិ (ប្រាង្គប្រាសាទព្រះវិហារ) និងធ្វើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិធ្ងន់ធ្ងរ»។
ភ្ជាប់ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា នៅអំឡុងសង្គ្រាមធ្វើសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា ដោយខុសច្បាប់ ពីសំណាក់យោធាថៃ គឺបានបង្ខំឱ្យប្រជាជនខ្មែរស្លូតត្រង់រាប់សែននាក់ និងកុមាររាប់ម៉ឺននាក់ ត្រូវបានរត់ភៀសសឹកចោលផ្ទះសម្បែង និងសាលារៀន។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា សកម្មភាពឈ្លានពានទាំងខុសច្បាប់អន្តរជាតិរបស់យោថាថៃ បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជាពិសេសកុមាររាប់ម៉ឺននាក់ បាត់បង់ឱកាសរៀនសូត្រ និងការអភិវឌ្ឍសមត្ថភាពរបស់កុមារកម្ពុជា។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺផលវិបាកនៃការវាយប្រហារបានធ្លាក់ទៅលើទីតាំងស៊ីវិលជាច្រើន៖ វត្តអារាម ប្រាង្គប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ។ ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនថែមទាំងត្រូវបានបំផ្លិចបំផ្លាញ និងឈូសកម្ទេច បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់។
គួររម្លឹកថា សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។
រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មានស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។
នៅពីក្រោយតួលេខទាំងនេះគឺជាជីវិតមនុស្សពិតប្រាកដ។ គឺជាម្តាយដែលមិនអាចនាំកូនត្រឡប់ទៅផ្ទះបាន។ គឺជាកុមារដែលមិនអាចត្រឡប់ទៅសាលារៀនរបស់ខ្លួនបាន។ គឺជាគ្រួសារដែលបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរ និងជីវភាពប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាបញ្ហាតួលេខទេ ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្ស មនុស្សធម៌ និងការទទួលខុសត្រូវ។
ស្ត្រី និងកុមារគឺជាក្រុមដែលត្រូវទទួលបានការការពារជាពិសេសក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសំណួរដែលត្រូវឆ្លើយនៅពេលនេះគឺ៖ ហេតុអ្វីបានជាស្ត្រី និងកុមារកម្ពុជារាប់ពាន់នាក់ទាំងនេះ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ?មូលហេតុគឺដោយសារនៅតំបន់មួយចំនួន យោធាថៃ បានដាក់កុងតឺន័រ រាយលួសបន្លា បិទផ្លូវចូលទៅកាន់ភូមិដ្ឋាន ខណៈផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនត្រូវបានបំផ្លាញ។ ឧបសគ្គទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាបន្តរស់នៅក្នុងស្ថានភាពភៀសសឹក ទោះបីការប្រយុទ្ធបានបញ្ឈប់អស់រយៈពេលជាច្រើនខែមកហើយក៏ដោយ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងយ៉ាងច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅកាន់ផ្ទះ និងសហគមន៍របស់ពួកគេវិញ ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ៕


