FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត យង់ ពៅ៖ ថៃជាអ្នកបំផ្លាញមជ្ឈភាពអាស៊ានយ៉ាងធ្ងន់ធ្ងរ តាមរយៈការធ្វើនិទានកថា Online Scams ដើម្បីឈ្លានពានកម្ពុជា, ថៃ ល្មមភ្ញាក់ខ្លួនកុំកាន់ញញួរនិទានកថានយោបាយបំបែកអាស៊ានបន្តទៀត

14-08-2026 11:48

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងច្បាស់ថា ប្រទេសថៃកំពុងបំផ្លាញមជ្ឈភាពអាស៊ានយ៉ាងធ្ងន់ធ្ងរ តាមរយៈការបង្កើតនិទានកថារឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីជាលេសឈ្លានពានទឹកដីកម្ពុជា។

ការលើកឡើងបែបនេះរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយ គឺបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថៃ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាគោលការណ៍នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន។

ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ថៃគួរតែភ្ញាក់ខ្លួន និងបញ្ឈប់ការតាំងខ្លួនជាអភិបាលអាស៊ាន ក៏ដូចជាបញ្ឈប់ការកាន់ញញួរនិទានកថានយោបាយបំបែកបំបាក់អាស៊ានបន្តទៀត។

លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយដោយមិនរារែក គឺប្រទេសថៃ បានបំផ្លាញមជ្ឈភាពអាស៊ាន យ៉ាងធ្ងន់ធ្ងរ តាមរយៈការធ្វើនិទានកថាស្តីពីបទល្មើស Online Scams, ប្រទេសថៃ បានបំផ្លាញមជ្ឈភាពអាស៊ាន តាមរយៈនិទានកថានយោបាយ ក្នុងន័យចូលឈ្លានពានទឹកដីកម្ពុជា។ អ៊ឹចឹងហើយ ធ្វើឱ្យមជ្ឈភាពអាស៊ាន បាត់ទំនុកចិត្តទាំងស្រុង!»

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឆ្លើយតនឹងការបំផ្លាញមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈនិទានកថា របស់ថៃ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើនយោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីបង្ហាញការពិតដល់សហគមន៍អន្តរជាតិ។ ប្រសិនបើគ្មាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនយោបាយការទូត និងច្បាប់អន្តរជាតិទេនោះ ប្រហែលសហគមន៍អន្តរជាតិនៅតែវាយតម្លៃថា ប្រទេសថៃ ឈ្លានពានទឹកដីកម្ពុជា ជារឿងត្រឹមត្រូវ ដើម្បីបំផ្លាញបទល្មើស Online Scams។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានចោទជាសំណួរថា តើគ្រាន់តែ Online Scams នេះ ប្រទេសថៃ មានសិទ្ធិជាអភិបាលអាស៊ាន ពេញលេញ ឬយ៉ាងណា? គ្មានប្រទេសណាមួយជាងភិបាលរបស់អាស៊ាននោះទេ សមាជិកអាស៊ានទាំងអស់ ជាអភិបាលរបស់អាស៊ាន ដូច្នេះ កាលណាប្រទេសមួយតាំងខ្លួនជាអភិបាលរបស់អាស៊ាន នោះហើយជាការកាន់ញញួរនយោបាយបំបែកមជ្ឈភាពអាស៊ាន។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា៖ «អ៊ឹចឹងល្មមថៃ ភ្ញាក់ខ្លួននូវចំណុចនេះ កុំតាំងខ្លួន ជាអភិបាលរបស់អាស៊ាន កុំកាន់ញញួរនយោបាយនិទានកថារបស់ខ្លួន បំបែកមជ្ឈភាពរបស់អាស៊ាន តទៅទៀត។ វាបំបែកសេចក្តីទុកចិត្តអាស៊ាន ខ្លួនឯង វាបំបែកវេទិកាអាស៊ាន ដែលមហាអំណាចតែងតែផ្តល់សារៈសំខាន់»

សូមជម្រាបថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីភាពបើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។ វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសជាច្រើន រួមមាន កម្ពុជា អាល្លឺម៉ង់ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន ប៉ាគីស្ថាន និងសាធារណរដ្ឋកូរ៉េ៕