ក្រសួងសង្គមកិច្ច ចេញសេចក្ដីណែនាំ ស្តីពីការទប់ស្កាត់ការយកកុមារទៅបង្កើតមាតិកា តាមបណ្តាញសង្គម (Video inside)
14-08-2026 11:33
(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំស្តីពី ការទប់ស្កាត់ការយកកុមារ ទៅបង្កើតមាតិកាតាមបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កុមារ ដើម្បីទាក់ទាញការចាប់អារម្មណ៍ការកម្សាន្ត ឬ រកប្រាក់ចំណូល។
ចេញសេចក្ដីណែនាំនេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖
ថ្មីៗនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា មានការផលិតការបង្ហោះ ការចែកចាយ និងការចែករំលែកបន្តនូវរូបភាព ឬវីដេអូអាសអាភាសរបស់កុមារតាមបណ្ដាញសង្គមនិងកម្មវិធីផ្ញើសារផ្សេងៗ។ លើសពីនេះ ក៏មានអ្នកបង្កើតមាតិកា ដោយបុគ្គលល្បីៗមួយចំនួន បានយកកុមារមកសម្តែង ឬថតជាវីដេអូ ផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ដ ឬរកប្រាក់ចំណូល ដោយប្រើប្រាស់ពាក្យពេចន៍ កាយវិការ ឬសកម្មភាពមិនសមរម្យ ដែលជាការរំលោភសិទ្ធិ សេចក្ដីថ្លៃថ្នូរសីលធម៌សង្គម ក្រមសីលធម៌ ឬគោលការណ៍សុវត្ថិភាពកិច្ចការពារកុមារដូចជា ការរំលោភបំពានដល់សិទ្ធិឯកជនភាព ការបោះបង់ការសិក្សា ឬការសិក្សាចុះខ្សោយ កុមារក្លាយជាកម្មវត្ថុនៃការធ្វើអាជីវកម្មសេដ្ឋកិច្ចការជួញដូរ និងការរំលោភបំពានផ្សេងៗទៀត។ សកម្មភាពទាំងនេះ គឺផ្ទុយនឹងអនុសញ្ញាអន្តរជាតិ ច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មានជាអាទិ៍៖
- អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ដែលមានចែងក្នុងមាត្រា១៦ អំពីសិទ្ធិឯកជនភាពរបស់កុមារ មាត្រា១៩ អំពីការការពារកុមារ ពីអំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់ មាត្រា៣២ អំពីការពារកុមារប្រឆាំងការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចដែលបង្កឱ្យប៉ះពាល់ដល់ការសិក្សា ឬការអភិវឌ្ឍផ្នែករាងកាយ សតិបញ្ញាស្មារតី សីលធម៌សង្គមរបស់កុមារ មាត្រា៣៤ អំពីការការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ និងមាត្រា៣៦ អំពីការពារកុមារប្រឆាំងនឹងទម្រង់ផ្សេងៗទៀត នៃការធ្វើអាជីវកម្មដែលប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃសុខុមាលភាពរបស់កុមារ រួមទាំងពិធីសារបន្ថែមស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ។
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងមាត្រា៤៨ អំពីការការពារសិទ្ធិកុមារ
-ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុង មាត្រា១០ ផ្នែកទី២ អំពីសិទ្ធិបុគ្គល
-ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ មាត្រា ៤០ និង មាត្រា ៤១ កំណត់អំពីរូបភាពអាសអាភាសកុមារ ដែលជាមូលដ្ឋានគតិយុត្តផ្ទាល់សម្រាប់ការទប់ស្កាត់ និងការលុបមាតិកាខុសច្បាប់ពាក់ព័ន្ធនឹងកុមារ។
-គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩។
- ប្រកាសស្តីពីក្រមសីលធម៌សម្រាប់កិច្ចការពារកុមារ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
-គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងន័យនេះ ដើម្បីការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមធ្វើការណែនាំដល់អ្នកបង្កើតមាតិកា វិស័យឯកជន និងសាធារណៈជនដូចតទៅ៖
១.ការយកកុមារទៅថតរូប ឬវីដេអូ ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីកុមារផ្ទាល់ ឬឪពុកម្ដាយឬអ្នកអាណាព្យាបាលរបស់កុមារ។
២.ធានាថាគ្រប់រូបថត វីដេអូ ការដាក់តាំងបង្ហាញនូវរូបថត វីដេអូ ឬរូបភាពដទៃទៀតរបស់កុមារ ជាការបង្ហាញភាពស្មោះត្រង់ពីបរិបទ តថភាពមានលក្ខណៈជាការគោរព និងរក្សាបាននូវភាពថ្លៃថ្នូរ ព្រមទាំងប្រើប្រាស់តែក្នុងគោលបំណងផ្លូវការ។
៣.ហាមការផលិតមាតិកាដែលបង្ហាញកុមារក្នុងលក្ខណៈផ្លូវភេទ ក្នុងស្ថានភាពទុក្ខព្រួយ អាម៉ាស់ ឬគ្រោះថ្នាក់ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ព្រមទាំងជៀសវាងការបង្ហាញព័ត៌មានអត្តសញ្ញាណរបស់កុមារដូចជា សាលារៀន ទីលំនៅ ជាដើម ។
៤.គ្រប់វិស័យឯកជនដែលផ្តល់សេវាអ៊ីនធើណេត ត្រូវចូលរួមទប់ស្កាត់ការបង្ហោះរូបភាព ឬវីដេអូរបស់កុមារដែលមានលក្ខណៈមិនសមរម្យ ជាពិសេសមាតិកាខុសច្បាប់ ដូចជា មាតិការំលោភបំពានផ្លូវភេទលើកុមារ(CSAM) និងមាតិកាដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។
៥.គ្រប់បណ្តាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញសង្គម ត្រូវចូលរួមទប់ស្កាត់ ឬដកហូត រាល់គេហទំព័រ (Page)ឬគណនី (Account) ដែលបង្កផលប៉ះពាល់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។
៦.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចាត់វិធាការតាមច្បាប់ជាធរមាន ចំពោះអ្នកបង្កើតមាតិកា ឬសាធារណៈជន ដែលនៅតែបន្តយកកុមារថតរូបភាព ឬវីដេអូ ទៅប្រើប្រាស់តាមបណ្តាញ សង្គមធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ។
៧.សូមស្នើដល់មាតាបិតា អ្នកអាណាព្យាបាល សាធារណៈជន និងវិស័យឯកជន ត្រូវចូលរួមទប់ស្កាត់និងរាយការណ៍រាល់សកម្មភាពនៃការបង្ហោះរូបភាព ឬវីដេអូ ដែលលក្ខណៈកេងប្រវ័ញ្ច ឬធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេចក្តីថ្លៃថ្នូ សីលធម៌សង្គម និងក្រមសីលធម៌ ឬគោលការណ៍សុវត្ថិភាពកិច្ចការពារកុមារ ដល់អាជ្ញាធរមានសមត្ថកិច្ច ឬតាមទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាលជាតិ ១២៨៨ និងបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា១២៨០។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមលើកទឹកដល់គ្រប់អ្នកបង្កើតមាតិកា សាធារណៈជននិងវិស័យឯកជន ត្រូវផលិតមាតិកាដែលមានខ្លឹមសារក្នុងន័យអប់រំ លើកកម្ពស់សីលធម៌សង្គម វប្បធម៌ប្រពៃណីជាពិសេសលើកកម្ពស់សិទ្ធិកុមារ ឱ្យស្របតាមច្បាប់គោលនយោបាយ និងគោលការណ៍ស្តីពីក្រមសីលធម៌សម្រាប់កិច្ចការពារកុមារ៕


