គ.ជ.ប រៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅ ល.ខ.ប ខេត្តសៀមរាប
14-08-2026 10:08
(សៀមរាប)៖ តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួនដោយរៀបចំចាត់ចែងការបោះឆ្នោតដោយខ្លួនឯង ក្នុងនោះការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប រួមជាមួយលោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ និងលោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានដឹកនាំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (ល.ខ.ប) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
វិញ្ញាសាប្រឡងដាក់ក្នុងស្រោមសំបុត្របិទជិតត្រូវបានកាត់ និងបើកនៅចំពោះមុខបេក្ខជនទាំងអស់ដោយលោក ឌឹម សុវណ្ណារុំ។
ឆ្លៀតឱកាសនៅមុនការចាប់ផ្តើមប្រឡង លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថាការចូលរួមរបស់បេក្ខជនសរុបទាំងអស់ ៦០នាក់មានអត្ថន័យធំធេងណាស់ មិនត្រឹមតែប្រលងយកមុខតំណែងជាប់ ឬធ្លាក់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាងនេះទៀតពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានសង្កត់ធ្ងន់ថា នៅប្រទេសខ្លះដូចជានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅឆ្នាំ២០២៣ ការរៀបចំចុះឈ្មោះបោះឆ្នោតមិនបានល្អបានបង្កជាហិង្សា និងបានផ្តាច់អាយុជីវិតមនុស្សអស់ជាច្រើននាក់ ហើយសហរដ្ឋអាមេរិក ដែលត្រូវបានគេឲ្យតម្លៃថាជាបិតាប្រជាធិបតេយ្យ និងទើបតែប្រារព្ធខួប២៥០ឆ្នាំ នៅតែមិនទាន់ឯកភាពគ្នាទៅលើការរៀបចំបញ្ជីបោះឆ្នោតដោយខាងគណបក្សសាធារណរដ្ឋរបស់លោក Donald Trump ទាមទារឱ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន ដើម្បីចៀសវាងការលួចបន្លំ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden ថាមិនចាំបាច់ចុះឈ្មោះមុនទេ ក៏អាចបោះឆ្នោតបាន ដើម្បីកុំឱ្យប៉ះពាល់សិទ្ធនៃអ្នកបោះឆ្នោត ដោយឡែក នៅកម្ពុជាយើងបាននិងកំពុងអនុវត្តបានដូចអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញពីសិទ្ធិបោះឆ្នោត និងចែងក្នុងច្បាប់ ដើម្បីបោះឆ្នោតបាន ទាល់តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
វិលមកការប្រឡងវិញ តាមប្រសាសន៍របស់លោក ឌឹម សុវណ្ណារុំ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ត្រូវបានអនុវត្តដោយផ្អែកលើគោលការណ៍សមត្ថភាព បទពិសោធន៍ តម្លាភាព និងសមភាព ដើម្បីធានាថា បេក្ខជនដែលមានសមត្ថភាព និងបទពិសោធន៍សមស្រប ត្រូវបានជ្រើសរើសឱ្យបំពេញការងារប្រកបដោយប្រសិទ្ធភាព ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តសៀមរាប។
លោកបានបន្តថា ដំណើរការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ត្រូវបានអនុវត្តតាមរយៈការប្រឡង និងការវាយតម្លៃសមត្ថភាពជាច្រើនដំណាក់កាល សម្រាប់មុខតំណែង គ្រូបង្ហាត់ផ្នែកទ្រឹស្តី លេខាធិការ ជំនួយការរដ្ឋបាល ជំនួយការគណនេយ្យ និងជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ការប្រឡងរួមមានការប្រឡងសរសេរ QCM និងការសម្ភាសន៍។ ដោយឡែកសម្រាប់មុខតំណែង គ្រូបង្ហាត់ដែលអាចប្រើប្រាស់កុំព្យូទ័រ និងការីកុំព្យូទ័រ ការប្រឡងរួមមាន QCM តាមប្រព័ន្ធកុំព្យូទ័រ ធ្វើតេស្តកុំព្យូទ័រ និងការសម្ភាសន៍។
ការរៀបចំការប្រឡង និងការវាយតម្លៃជាច្រើនដំណាក់កាលនេះ គឺដើម្បីធានាឱ្យដំណើរការជ្រើសរើសប្រព្រឹត្តទៅដោយ តម្លាភាព ត្រឹមត្រូវ ស្មើភាព និងមានប្រសិទ្ធភាព ព្រមទាំងអាចជ្រើសរើសបាននូវបេក្ខជនដែលមានសមត្ថភាពសមស្របទៅនឹងមុខតំណែងនីមួយៗ។
សម្រាប់ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅ ល.ខ.ប ខេត្តសៀមរាប បេក្ខជននឹងត្រូវជ្រើសរើសចំនួន៣១រូបលើបេក្ខជនសរុបចំនួន៦០នាក់គឺ៖
*គ្រូបង្ហាត់ ចំនួន ២៦រូប
*គ្រូលេខាធិការ ចំនួន ១រូប
*គ្រូការីកុំព្យូទ័រ ចំនួន ១រូប
*គ្រូជំនួយការរដ្ឋបាល ចំនួន ១រូប
*គ្រូជំនួយការគណនេយ្យ ចំនួន ១រូប
*គ្រូជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ១រូប។
ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ និងពង្រឹងធនធានមនុស្សរបស់ គ.ជ.ប ដើម្បីបំពេញការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព តម្លាភាព និងស្របតាមច្បាប់ និងនីតិវិធីដែលបានកំណត់។
ជាចុងក្រោយ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងមានរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងនាមសមាជិក គ.ជ.ប លោក ឌឹម សុវណ្ណារុំ ក៏បានអំពាវនាវជូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស៕

















