FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប រៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ក្នុងរាជធានី ខេត្តចំនួន១៣

14-08-2026 10:06

(ពោធិ៍សាត់)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការនៅតាមលេខាធិការដ្ឋានចំនួន១៣ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅក្នុងរាជធានី ខេត្ត ចំនួន ១៣។

ថ្លែងក្នុងឱកាសចុះពិនិត្យមើលការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់បម្រើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ លោក ជឺ ចំណាន អនុប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់ អនុគណ:កម្មការរៀបចំការប្រឡងខេត្តពោធិ៍សាត់ ក៏ដូចជាអនុគណ:កម្មការរៀបចំការប្រឡងរាជធានី ខេត្ត ដទៃទៀត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរៀបចំការប្រឡងជ្រើសរើសនេះ ដោយអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធី និងសេចក្ដីណែនាំរបស់ គ.ជ.ប។

លោកក៏បានថ្លែងអំណរគុណទៅដល់បេក្ខជន បេក្ខនារីទាំងអស់ ទាំងបេក្ខជន បេក្ខនារីដែលធ្លាក់វគ្គជម្រុះ និងបេក្ខជន បេក្ខនារីដែលជាប់វគ្គជម្រុះ ឈានមកដល់វគ្គប្រឡងថ្ងៃនេះ និងថ្ងៃទី១៦ខាងមុខ ដោយសង្កត់ធ្ងន់ថា វត្តមានដ៏ច្រើនរបស់បេក្ខជន បេក្ខនារី ជម្រុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលចុងក្រោយអនុញ្ញាតឱ្យ គ.ជ.ប អាចសម្រាំង ជ្រើសរើសបានបេក្ខជន បេក្ខនារីដែលមានគុណវឌ្ឍិខ្ពស់ ក្នុងបំពេញភារកិច្ច។

លោកបានបញ្ជាក់បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦នេះ គឺជាដំណាក់កាលសំខាន់មួយក្នុងការរៀបចំបបញ្ជីបោះឆ្នោតដែលធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

ហេតុនេះ លោកក៏បានក្រើនរំឭកដល់មន្ត្រីកិច្ចសន្យារយៈពេលខ្លីដែលនឹងប្រឡងជាប់ទាំងអស់ ទូទាំង២៥ រាជធានី ខេត្ត មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែល គ.ជ.ប នឹងប្រគល់ជូន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ គ.ជ.ប ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគឺគណបក្សនយោបាយដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោត។

សូមបញ្ជាក់ថា គ.ជ.ប រៀបចំការប្រឡងរើសមន្ត្រីកិច្ចសន្យាខ្លីនៅថ្ងៃនេះ នៅក្នុងរាជធានី ខេត្ត ចំនួន១៣ និងបន្តរៀបចំការប្រឡងរើស នៅក្នុងខេត្តចំនួន១២ទៀត នាថ្ងៃទី១៦ ខាងមុខនេះ៕