មិនលើកលែងដាច់ខាត! សមត្ថកិច្ចខេត្តត្បូងឃ្មុំ វាយខ្នោះក្រុមក្មេងទំនើង ៥នាក់ ក្រោយស្ទាក់គប់ជនរងគ្រោះបែកក្បាលរបួសធ្ងន់
13-08-2026 20:33
(ត្បូងឃ្មុំ)៖ អនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលស្រុកមេមត់ បានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៥នាក់ ជាបន្តបន្ទាប់។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ថា នៅលើផ្លូវលំ ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រុមក្មេងទំនើងមានគ្នា ៥នាក់ បានប្រើប្រាស់ឧបករណ៍រឹង ស្ទាក់គប់ទៅលើជនរងគ្រោះ ២នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យត្រូវចំក្បាល ដួលធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់។
ក្រោយស្រាវជ្រាវយ៉ាងក្តៅគគុក សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៥នាក់។ ពួកគេបានសារភាពថាពិតជាបានប្រព្រឹត្តសកម្មភាពនេះពិតមែន។
ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ លោកឧត្តមសេនីយ៍ទោ ចិន នី បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា «នឹងមិនលើកលែងជាដាច់ខាត ត្រូវតែបង្ក្រាបចំពោះក្មេងទំនើងដែលបានប្រព្រឹត្តខុសធ្ងន់ធ្ងរ ជាពិសេសបទល្មើសព្រហ្មទណ្ឌ»។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






