គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងប៉ោយប៉ែតចំនួន៣ទីតាំង
13-08-2026 20:24
(បន្ទាយមានជ័យ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៣កន្លែង នៅក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ មានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត។
គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យនេះ គឺដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសការផ្តល់ទីតាំងស្នាក់នៅប្រមូលផ្តុំដោយខុសច្បាប់របស់ជនបរទេស ដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ក្នុងចំណោមទីតាំងទាំង៣ ក្រុមការងារបានរកឃើញជនជាតិចិនម្នាក់ស្នាក់នៅខុសច្បាប់ ដោយមានទិដ្ឋាការផុតសុពលភាព ៣ខែ នៅទីតាំងទី៣។ ជាមួយគ្នានេះ ក៏បានរកឃើញវត្ថុតាងមួយចំនួន រួមមានទូរស័ព្ទដៃចម្រុះ វិទ្យុទាក់ទង ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀន គ្រាប់កាំភ្លើង ៩មីលីម៉ែត្រ ១គ្រាប់ និងស្រោមកាំភ្លើងខ្លី១ផងដែរ។
ចំពោះទីតាំងទី១ និងទី២ មិនមានជនបរទេសស្នាក់នៅ និងមិនមានបទល្មើសកើតឡើងនោះទេ ប៉ុន្តែក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងឱ្យសហការ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីជួលទីតាំងឱ្យជនបរទេសស្នាក់នៅ ត្រូវគោរពច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។
សម្រាប់ជនជាតិចិនដែលស្នាក់នៅខុសច្បាប់ រួមទាំងវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕








