យុទ្ធនាការ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» នៅស្រុកគូលែន ប្រមូលឈាមសង្គ្រោះជីវិត ១០៨ប្លោក
13-08-2026 20:25
(ព្រះវិហារ)៖ ឈាមមួយប្លោក អាចក្លាយជាក្តីសង្ឃឹម និងជាឱកាសរស់រានមានជីវិតសម្រាប់អ្នកជំងឺម្នាក់, ជាមួយនឹងស្មារតីមនុស្សធម៌ និងការចូលរួមដោយស្ម័គ្រចិត្ត យុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» បានប្រព្រឹត្តទៅ នៅស្រុកគូលែន ខេត្តព្រះវិហារ ដោយទទួលបានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិក ស.ស.យ.ក. និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
យុទ្ធនាការនេះរៀបចំធ្វើឡើងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងបរិវេណការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគូលែន ដោយរដ្ឋបាលស្រុកគូលែន សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រចាំខេត្ត ក្នុងគោលបំណងរួមចំណែកបង្កើនស្តុកឈាមសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល និងសង្គ្រោះអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានាក្នុងខេត្ត។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សមាជិក ស.ស.យ.ក. សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៤៥៨ អង្គ/នាក់។
អ្វីដែលគួរឱ្យកោតសរសើរ គឺមានអ្នកស្ម័គ្រចិត្តរហូតដល់ ១៣៩នាក់ បានចុះឈ្មោះបរិច្ចាគឈាម ដោយបង្ហាញពីស្មារតីស្រឡាញ់ និងចែករំលែកដល់អ្នកដែលកំពុងត្រូវការជំនួយ។ ជាលទ្ធផលក្រុមគ្រូពេទ្យអាចប្រមូលបានឈាមសុវត្ថិភាពចំនួន ១០៨ប្លោក សម្រាប់ត្រៀមបម្រើការងារសង្គ្រោះ និងព្យាបាលអ្នកជំងឺ។
លោក ណុប វុទ្ធី បានថ្លែងថា កម្មវិធីបរិច្ចាគឈាមនេះ បានរៀបចំឡើងដោយមានការផ្ដួចផ្ដើម និងការយកចិត្តទុកដាក់ខ្ពស់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងលើកកម្ពស់ស្មារតីមនុស្សធម៌ និងជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
ក្នុងឱកាសនោះលោកណុប វុទ្ធី ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមដោយមិនប្រកាន់ និងដោយស្មារតីមនុស្សធម៌។
លោកអភិបាលរងខេត្តព្រះវិហារ ថ្លែងបញ្ជាក់ថា ការបរិច្ចាគឈាម មិនមែនជាការផ្តល់អ្វីមួយដែលបាត់បង់ដោយឥតប្រយោជន៍នោះទេ ប៉ុន្តែជាការផ្តល់ ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិត ដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ តក់ៗពេញបំពង់ ឈាមមួយប្លោករបស់លោកអ្នក អាចក្លាយជាជីវិតថ្មីរបស់មនុស្សម្នាក់ និងជាក្តីសុខសាន្តរបស់គ្រួសារមួយ។
លោក ណុប វុធ្ធី ថ្លែងបញ្ចាក់ទៀតថា យុទ្ធនាការ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ក៏ជាសារមួយបង្ហាញថា ការចូលរួមតិចតួចពីមនុស្សម្នាក់ អាចបង្កើតផលប្រយោជន៍ដ៏ធំធេងសម្រាប់សង្គមទាំងមូល ជាពិសេសក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺនៅពេលមានតម្រូវការឈាមបន្ទាន់៕



























