គម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុប ៥២៥លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៦
13-08-2026 19:41
(ភ្នំពេញ)៖ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបញ្ជាក់ឱ្យដឹងថា ពេញមួយខែកក្កដា ឆ្នាំ២០២៦នេះកន្លងមកនេះ មានគម្រោងវិនិយោគចំនួន៣៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងនោះចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៣គម្រោង និងចុះបញ្ជីដោយអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១០គម្រោង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការ វិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានប្រមាណ១៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន២៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៤៩៤លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៩ពាន់កន្លែង។ ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១០គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៣១លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៨ពាន់កន្លែង។
ជាការកត់សម្គាល់ ការវិនិយោគក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការ ទាក់ទាញវិនិយោគ៕



