FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាច់ញាតិលោក យ៉េត បូរី អំពាវនាវសាលាដំបូងរាជធានីភ្នំពេញជួយពិនិត្យ និងអនុញ្ញាតឲ្យលោកនៅក្រៅឃុំ ករណីហិង្សានៅខណ្ឌកំបូល ដោយសារលោកគ្រាន់តែជួយឃាត់ភាគីជម្លោះ

13-08-2026 18:40

(ភ្នំពេញ)៖ លោក យ៉េត ធារ៉ា បងប្រុសលោក យ៉េត បូរី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវសាលាដំបូងរាជធានីភ្នំពេញជួយពិនិត្យ និងអនុញ្ញាតឲ្យប្អូនលោកនៅក្រៅឃុំ ក្នុងករណីហិង្សានៅខណ្ឌកំបូល ដោយសារប្អូនលោកគ្រាន់តែជួយឃាត់ភាគីជម្លោះ ពោលគឺមិនមែនជាអ្នកបង្កកំហុសឡើយ។

ហេតុការណ៍ហិង្សាមួយនេះ បានកើតឡើងនៅភូមិត្រពាំងឈូក សង្កាត់កន្ទប ខណ្ឌកំបូល រាជធានីភ្នំពេញ ម៉ោងជាង ៨យប់ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦។

មុនពេលកើតហេតុ លោក យ៉េត បូរី រស់នៅភូមិពាមទន្លា ឃុំ ពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឡើងទៅលេងប្អូននៅរាជធានីភ្នំពេញ។ លោកបានចូលវង់ផឹកស៊ីជាមួយគ្នីគ្នា នៅក្នុងបន្ទប់ ហើយម៉ោងជាង ៨យប់ ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦នោះ មានអ្នកយកកាំបិតឡើងកាប់គ្នីគ្នារបស់លោកដល់បន្ទប់ ខណៈលោកក៏ជួយឃាត់។

បងប្រុស របស់លោក យ៉េត បូរី បានអះអាងថា ប្អូនរបស់ខ្លួនមិនដឹងរឿងអ្វីទេ ហើយនៅពេលឃើញគេឡើងមកកាប់គ្នីគ្នាដល់បន្ទប់បែបនេះ ក៏ជួយទៅ។ ហេតុនេះ លោកសូមអំពាវនាវសាលាដំបូងរាជធានីភ្នំពេញជួយពិនិត្យ និងអនុញ្ញាតឲ្យលោកនៅក្រៅឃុំផង៕