FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាមន្ត្រី គុយ សុផល ចាត់តំណាងនាំបច្ច័យចូលរួមរំលែកមរណទុក្ខគ្រួសារវីរកងទ័ពជួរមុខ

13-08-2026 17:44

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ឯកឧត្តម ម៉ែន វុទ្ធី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ដឹកនាំក្រុមការងារ នាំយកនូវកូរោនផ្កា និងបច្ច័យដ៏ថ្លៃថ្លា ចំនួន ៥.០០០.០០០រៀល និងបច្ច័យរបស់ក្រុមការងារ ចំនួន ១០.០០០.០០០រៀល សរុបទាំងអស់ចំនួន ១៥.០០០.០០០រៀល ដើម្បីចូលរួមរំលែកមរណទុក្ខ។

ពិធីប្រគល់បច្ច័យនេះ បានធ្វើឡើងជូនចំពោះគ្រួសារ វីរៈសេនីយ៍ទោ ភោគ ផល្លា ដែលមានទីលំនៅស្ថិតនៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ វីរៈសេនីយ៍ទោ ភោគ ផល្លា គឺជាវីរកងទ័ពជួរមុខដ៏ក្លាហានម្នាក់ ដែលកំពុងបំពេញបេសកកម្មឈរជើងការពារបូរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារ ហើយបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ការចូលរួមរំលែកមរណទុក្ខនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះវីរៈភាព និងការលះបង់ដ៏ធំធេងរបស់កងទ័ពជួរមុខ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការឧបត្ថម្ភនេះ ក៏ជាការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសព ឱ្យជម្នះរាល់ការលំបាក និងបន្តរស់នៅដោយមោទនភាពចំពោះវីរៈភាពរបស់កូនចៅ។