អនុក្រឹត្យ៖ ការជ្រើសរើសយុវជនឱ្យចូលបំពេញកាតព្វកិច្ចយោធា នឹងធ្វើឡើងតាមការស្ម័គ្រចិត្ដ និងតាមរយៈការចាប់ឆ្នោត
13-08-2026 17:14
(ភ្នំពេញ)៖ ការជ្រើសរើសប្រជាពលរដ្ឋឱ្យចូលបំពេញកាតព្វកិច្ចយោធា នឹងអនុវត្តតាមពីររបៀប គឺការចូលបំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្ត និងការជ្រើសរើសតាមរយៈការចាប់ឆ្នោត។ នេះបើតាមអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ដែលចុះហត្ថលេខាដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
តាមរយៈអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖
ការជ្រើសរើសប្រជាពលរដ្ឋដើម្បីចូលបំពេញកាតព្វកិច្ចយោធា ត្រូវអនុវត្តដូចខាងក្រោម៖
- ការចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត
- ការចូលបំពេញកាតព្វកិច្ចយោធាតាមការចាប់ឆ្នោត។
បើយោងតាមមាត្រា៧ បានឱ្យដឹងថា លក្ខណសម្បត្តិប្រជាពលរដ្ឋដែលត្រូវជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខខណ្ឌ ដូចការជ្រើសរើសយោធិនអាជីពដែរ។
ដោយឡែក សម្រាប់មាត្រា៨ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើស ត្រូវទទួលបានការអញ្ជើញដល់សាមីខ្លួនដោយផ្ទាល់ឱ្យចូលបំពេញកាតព្វកិច្ចយោធា តាមចំនួនតម្រូវការប្រចាំឆ្នាំ។ ប្រជាពលរដ្ឋដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវបង្ហាញខ្លួនក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង។
សូមជម្រាបដែរថា ច្បាប់ ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះតម្រូវឱ្យយុវជនខ្មែរ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលហ្វឹកហាត់កងទ័ពរយៈពេល ២៤ខែ និងត្រូវក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។ ចំពោះពលរដ្ឋខ្មែរជាស្ត្រីវិញ គឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ចំណែកបុរសនឹងធ្វើឡើងតាមរយៈការចាប់ឆ្នោត៕
