រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជន ប្រមាណ១៧០០នាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ
13-08-2026 16:29
(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិវត្តជន និងអតីតយុទ្ធជន នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីនិវត្តជន និងអតីតយុទ្ធជន សរុបប្រមាណ១៧០០នាក់។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បាននាំនូវសេចក្តីនឹករលឹកចំពោះនិវត្តជន និងអតីតយុទ្ធជន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរៀមច្បង និងពូមីងនិវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់គ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្ត អភិវឌ្ឍទ្វេដងតទៅទៀត។
បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសយើង រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពាន ថ្នល់គ្រប់ទីកន្លែង ដែលបានជួយសម្រួលការធ្វើដំណើរ និងការប្រកបរបររកស៉ីផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោករដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ មា មីង ដែលជានិវត្តជននិងអតីតយុទ្ធជន អំពីអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងបានគិតគូរ រួមមាន ការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់។
មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានអនុញ្ញាតជូនលោកយាយ លោកតា អ៊ុំ មា មីង លើកឡើងនូវសំណូមពរនានា ដើម្បីក្រុមការងារដោះស្រាយជូនផងដែរ៕










