FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់សុខាភិបាល ជំរុញឱ្យស្ថាប័នវិជ្ជាជីវៈ និងទន្តពេទ្យទាំងអស់ លើកកម្ពស់សុខភាពមាត់ធ្មេញ ដែលជាការវិនិយោគលើសុខភាព និងធនធានមនុស្សជាតិ (Video inside)

13-08-2026 16:12

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងបរិបទនេះសុខភាពមាត់ធ្មេញ មិនមែនជាបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃសុខភាពទូទៅ។ ជំងឺមាត់ធ្មេញអាចប៉ះពាល់ដល់អាហារូបត្ថម្ភ ការលូតលាស់របស់កុមារ សុខភាពមាតា ជំងឺមិនឆ្លង ក៏ដូចជាគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការលើកកម្ពស់សុខភាពមាត់ធ្មេញ គឺជាការវិនិយោគលើសុខភាព និងធនធានមនុស្សរបស់ជាតិ។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៦ របស់សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា (Dental Implant Society of Cambodia – 13-08-2026) ក្រោមប្រធានបទ៖ «ការផ្សារភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងភាពប្រសើរនៃការអនុវត្តគ្លីនិកក្នុងវិស័យដាំបង្គោលធ្មេញក្នុងឆ្អឹង» នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «យើងក៏ត្រូវទទួលស្គាល់ផងដែរថា ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងប្រជាពលរដ្ឋនៅតំបន់ជនបទ នៅតែប្រឈមនឹងឧបសគ្គក្នុងការទទួលបានសេវាទន្តសាស្ត្រដែលមានគុណភាព ជាពិសេសសេវាព្យាបាលឯកទេសដែលមានតម្លៃខ្ពស់។ ហេតុនេះហើយ ក្រសួងសុខាភិបាលលើកទឹកចិត្តឱ្យស្ថាប័នវិជ្ជាជីវៈ និងទន្តពេទ្យទាំងអស់ ចូលរួមពង្រីកការផ្តល់សេវាសុខភាពមាត់ធ្មេញ ការបង្ការ ការអប់រំសុខភាព និងសកម្មភាពសង្គម ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ»

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់សុខាភិបាល ជាវិស័យអាទិភាព ដោយផ្តោតលើការកសាងប្រព័ន្ធសុខាភិបាលដែលមានគុណភាព ប្រសិទ្ធភាព សមធម៌ និងមានភាពធន់ ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC) ដែលប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាសុខាភិបាលចាំបាច់ មានគុណភាព ដោយមិនជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

ដូច្នេះក្នុងឱកាសនេះលោកសាស្ដ្រាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាល CPD ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹងជាមួយអ្នកជំនាញអន្តរជាតិ និងការជំរុញការអនុវត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ សកម្មភាពទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ និងស្តង់ដារវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា។

ទន្ទឹមនឹងនោះមន្ដ្រីជាន់ខ្ពស់សុខាភិបាល សូមលើកទឹកចិត្តដល់សមាគម និងទន្តពេទ្យទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើទិសដៅសំខាន់ៗ ដូចជា៖

* ពង្រឹងការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងការសិក្សាស្រាវជ្រាវ
* អនុវត្តវិជ្ជាជីវៈដោយគោរពក្រមសីលធម៌ ស្តង់ដារវិជ្ជាជីវៈ និងសុវត្ថិភាពអ្នកជំងឺ
* ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ប្រកបដោយទំនួលខុសត្រូវ
* ពង្រីកការអប់រំសុខភាពមាត់ធ្មេញ និងសេវាបង្ការនៅតាមសហគមន៍
* ចូលរួមសកម្មភាពក្នុងសេវាសាធារណះ សង្គម និងការផ្តល់សេវាសប្បុរសធម៌ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

ជាមួយគ្នានេះលោកសាស្ដ្រាចារ្យ បានថ្លែងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះសមាគម ដែលបានខិតខំរៀបចំសន្និសីទនេះឡើង ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development - CPD) ការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មី និងការអនុវត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ស្របតាមបទប្បញ្ញត្តិទាំងឡាយ របស់ក្រសួងសុខាភិបាល និងគណៈទន្តពេទ្យកម្ពុជា។

លោកសង្ឃឹមថា នាពេលអនាគត សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា នឹងមិនត្រឹមតែជាមជ្ឈមណ្ឌលឧត្តមភាពផ្នែក Implant Dentistry ប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពមាត់ធ្មេញសាធារណៈ ការអប់រំ ការបង្ការ និងការកាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាទន្តសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

នាឱកាសនោះដែរលោក Patrick Loh សមាជិកក្រុមប្រឹក្សាប្រតិបត្ដិក្រុមហ៊ុន Straumann គ្រុប ដែលជាវាគ្មិនអន្ដរជាតិដ៏ល្បីមួយរូប មកចែករំលែកនូវចំណេះដឹង បទពិសោធន៍ការងារលើសុខភាពមាត់ធ្មេញ បានថ្លែងគាំទ្រចំពោះលោកសាស្ត្រាចារ្យ ឡឹម តារា ដែលបានណែនាំ និងសារៈសំខាន់នៃសុខភាពមាត់ធ្មេញ មិនមែនជាបញ្ហាសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃសុខភាពទូទៅ។

ពិតណាស់សុខភាពមាត់ធ្មេញ គឺមានគុណតម្លៃសំខាន់មែនទែន ហើយយោងតាមអ្វីដែលជាទស្សនវិស័យក៏ដូចជាចក្ខុវិស័យរបស់ក្រសួងសុខាភិបាល, លោកនឹងធ្វើការជំរុញផ្នែកសុខភាពមាត់ធ្មេញ ពីព្រោះថាសុខភាពមាត់ធ្មេញគឺជាបុព្វហេតុដែលមានជាប់ទាក់ទងជាមួយនឹងសុខភាពទូទៅខ្លាំងមែនទែន ដែលអាចនឹងគេហៅថាជាហេតុនៃជំងឺផ្សេងៗ។

ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ដើម្បីឱ្យធនធាននៅក្នុងប្រទេសកម្ពុជា មានភាពសំបូរបែបទៅដោយគុណវុឌ្ឍិ និងគុណតម្លៃគ្រប់គ្រាន់នៅក្នុងការចូលរួមព្យាបាលក៏ដូចជាការពារ និងលើកកម្ពស់សុខភាពសម្រាប់ប្រជាជនកម្ពុជា។ សម្រាប់ក្រុមហ៊ុន Straumann ខ្លួនឯងផ្ទាល់ នេះគឺជាអ្វីដែលជាចក្ខុវិស័យក៏ដូចជាទស្សនវិស័យដែលក្រុមហ៊ុនបានមើលឃើញ ហើយក៏ចង់ពាំនាំយកមកដើម្បីនឹងផ្ដល់ជូនដល់ប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុងសិក្ខាសាលាប្រចាំឆ្នាំ២០២៦នេះ លោកសាស្ត្រាចារ្យជំនួយ ផាន់ សាន់ដេត ប្រធានសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា បានថ្លែងថា សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមោះមុតបន្តអនុវត្តតួនាទីជាស្ថាប័នវិជ្ជាជីវៈមួយ រួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទន្តសាស្ត្រ ពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិលើកកម្ពស់ការសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាសុខភាពមាត់-ធ្មេញ និងសុខុមាល ភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិត ប្រាកដបំផុត។

លោកបន្តថា សមិទ្ធផលជាច្រើន ដែលយើងសម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា ដែលសម្តេចបវរធិបតី ជាបុគ្គលដ៏ឆ្នើមមួយរូបរបស់កម្ពុជា។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការល្អពីបណ្តាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធនានាផងដែរ ដូច្នេះសូមឆ្លៀតយកឱកាសនេះ សំដែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និង ជ្រាលជ្រៅបំផុត ចំពោះការគាំទ្រដ៏មានតម្លៃនេះ៕