មួយឆ្នាំ កម្ពុជាបោសសម្អាតទីតាំងបទល្មើស Online Scams ជាង ៦០០ទីតាំង និងកសាងសំណុំរឿងជាង ២០០ករណី
13-08-2026 15:49
(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយ គិតពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានបង្ក្រាបបោសសម្អាត ទីតាំងពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៦៦៥ទីតាំង។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងនោះទីតាំងប្រព្រឹត្តិបទល្មើសចំនួន៥៨២ទីតាំង និងទីតាំងពាក់ព័ន្ធដែលឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន៨៣ទីតាំង។ បន្ថែមពីនេះសមត្ថកិច្ចបានកសាងសំណុំរឿងចំនួន២៦៨ ទៅកាន់តុលាការ ដែលមានជនសង្ស័យចំនួន ២ ៧៧៣នាក់។ ដោយឡែកនិយាយតែក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងឆមាសទី១ ឆ្នាំ២០២៦ បង្ក្រាប និងបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៤៨៨កន្លែង ឃាត់ខ្លួនមនុស្សក្នុងប្រតិបត្តិការចំនួន ២០ ៩២៦នាក់ ស្មើ៣៨សញ្ញាតិ។
ក្នុងឱកាសលោកបានអញ្ជើញថ្លែងសន្ទរកថា បើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ, លោកបណ្ឌិត ទូច សុឃៈ បានបន្តថា ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៦៣៧នាក់ ស្មើ២៦សញ្ជាតិ។ ចំណែកឯជនរងគ្រោះមានចំនួន៣០នាក់ មានវៀតណាម ២៧នាក់ និងឡាវ៣នាក់។ ក្រៅពីនេះបានអនុវត្តនីតិបណ្ដេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ១៦៨៧៤នាក់ ស្មើ៣៤សញ្ជាតិ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យន្តការ និងក្របខណ្ឌច្បាប់ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាសត្យានុម័តនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅតែកិច្ចសហប្រតិបត្តិការជាមួយបណ្តារដ្ឋទាំងមានអនុស្សរណៈ និងតាមជាក់ស្ដែង កម្ពុជាបានរៀបចំយន្តការចំនួន៣ កម្រិត ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសសកលនេះរួមានទី១៖ កម្រិតរាជរដ្ឋាភិបាល គឺបានបង្កើត «គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធាន, ទី២៖ កម្រិតក្រសួងមហាផ្ទៃ គឺបានបង្កើត «គណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ដែលបង្កើតតាំងពីអាណត្តិទី៦ មកម្ល៉េះ) ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាកម្លាំងស្នូល និងទី៣៖ កម្រិតថ្នាក់ក្រោមជាតិ គឺមានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដឹកនាំប្រតិបត្តិការ។
ជាងនេះបន្ថែមទៀត លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងពីជំហររបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីបណ្ដាប្រទេសទាំងក្នុង និងក្រៅតំបន់ ព្រមទាំងអង្គការអន្តរជាតិនានា ដូចជា៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង និងការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លោកបណ្ឌិត ទូច សុឃៈ បានបន្តថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែស៊ីជម្រៅ និងបើកចិត្តទូលាយស្វាគមន៍ទទួលយកកិច្ចសហប្រតិបត្តិការថ្មីៗជាមួយបណ្តារដ្ឋនានាទាំងក្នុងតំបន់ និងពិភពលោក ព្រោះ បទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាបទល្មើសសកលឆ្លងដែនដែលទាមទារការចូលរួមពីគ្រប់ភាគីតាមគោល ការណ៍អធិបតេយ្យរដ្ឋ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលា។
លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា តែអ្វីដែលត្រូវចៀសវាង គឺការយកប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ធ្វើជារបៀបវារៈនយោបាយ និងជាលេសបម្រើគោលដៅអមិត្តណាមួយរវាងគ្នា និងគ្នា។ ដ្បិតជាបទពិសោធកន្លងមក កម្ពុជាមិនត្រឹមតែជាជនរងគ្រោះដោយផ្ទាល់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាជនរងគ្រោះដ៏អយុត្តិធម៌ពីការចោទប្រកាន់នានាផ្ទុយពីទិដ្ឋភាពពិតប្រាកដ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា អធិបតេយ្យភាពកម្ពុជា ត្រូវបានរំលោភបំពាន និងបន្តកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ ក្រោមលេសបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបំភាន់សាធារណមតិអន្តរជាតិ បិទបាំងការឈ្លានពានរបស់ខ្លួន ដែលផ្ទុយពីកិច្ចសហប្រតិបត្តិការស្មើភាពគ្នា គោលការណ៍សមភាពអធិបតេយ្យរវាងរដ្ឋ និងរដ្ឋ និងមាគ៌ាអាស៊ាន (ASEAN Way)។
ទោះបីជាយ៉ាងណាក៏ដោយកម្ពុជា មានសុទិដ្ឋនិយមថា សមាគមអាស៊ាននៅតែស្ថិតក្នុងក្រសែភ្នែករបស់ពិភពលោក ក្នុងការដឹកមុខដោះស្រាយបញ្ហានានា ដែលជះផលអវិជ្ជមានដល់ប្រជាជាតិយើងផងគា្ន ដូចដែលស្ដែងចេញពីកិច្ចសហការប្រតិបត្តិការរវាងកម្ពុជា និងសមាជិកអាស៊ានក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លើសពីការរិះគន់ថាត្រឹមត «ជាតុកាហ្វេមួយសម្រាប់ជជែកគ្នា» ស្របពេលពិភពលោកកំពុងបន្តញាំញីដោយវិបត្តិសង្រ្គាម និងបញ្ហាសកលចាក់ស្រេះស្មុគស្មាញជាច្រើនប្រទាក់ក្រឡាគ្នា៕
















