FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការអភិរក្សដំរីព្រៃជាកាតព្វកិច្ចរួម ដើម្បីរក្សាសក្តានុពលសម្រាប់វិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍

13-08-2026 15:34

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការអភិរក្សដំរីខ្មែរ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែក ពីការអភិវឌ្ឍប្រទេសជាតិនោះឡើយ។ យើងទាំងអស់គ្នាត្រូវធានានូវការវិវឌ្ឍនាពេលបច្ចុប្បន្ន ដោយមិនធ្វើឱ្យបាត់បង់ធនធាន និងបេតិកភណ្ឌធម្មជាតិ ដែលកូនចៅរបស់យើងត្រូវការឃើញនៅថ្ងៃអនាគតនោះឡើយ។

ការបញ្ជាក់បែបនេះរបស់អភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមជាសហអធិបតីភាពក្នុង «រាត្រីសមោសរដើម្បីអភិរក្សសត្វដំរី» ដែលរៀបចំឡើងដើម្បីរៃអង្គាសថវិកាទ្រទ្រង់កិច្ចការអភិរក្ស។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា, ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រី សប្បុរសជន ដៃគូអភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមិត្តភក្តិដែលស្រឡាញ់សត្វដំរី ជាច្រើនរូបទៀត។

អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា​ ដូច្នេះត្រូវការការចូលរួមពីសំណាក់រាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សមាគមនៅមូលដ្ឋាន និងជាពិសេសប្រជាពលរដ្ឋគ្រប់រូប។ នៅខេត្តរតនគិរី ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ ជីវៈចម្រុះ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប។ ប្រសិនបើយើងអាចរក្សាព្រៃឈើ ជម្រកសត្វព្រៃ និងដំរីឱ្យបានគង់វង្សនោះយើងកំពុងបន្តរក្សាសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ផងដែរ។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា តម្លៃពិតប្រាកដនារាត្រីនេះ មិនស្ថិតត្រឹមតែចំនួនថវិកាដែលបានចូលរួមនោះទេ ប៉ុន្តែតម្លៃដ៏ធំធេង គឺស្ថិតនៅក្នុងស្មារតីសប្បុរសធម៌ សាមគ្គីភាព និងការចូលរួមរបស់យើងទាំងអស់គ្នា ដើម្បីបន្តការងារនេះឱ្យមានប្រយោជន៍ដល់សង្គមជាតិ យុវជន និងកូនចៅជំនាន់ក្រោយ។ ថវិកាដែលទទួលបានពីរាត្រីនេះនឹងក្លាយជាកម្លាំងគាំទ្រដ៏មានសារៈសំខាន់ក្នុងការថែទាំ និងអភិរក្សដំរី ការផ្គត់ផ្គង់ចំណី ការថែរក្សាសុខភាព និងការបង្ការ ទប់ស្កាត់បញ្ហាផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពដំរី។

បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការពារដំរី គឺការពារព្រៃ។ ការពារព្រៃ គឺការពារជីវចម្រុះ។ ការពារព្រៃ គឺការពារដី និងទឹក។ ការពារព្រៃ គឺចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយការពារធម្មជាតិ គឺការពារអនាគតរបស់មនុស្សយើងផ្ទាល់។ ដូច្នេះ ការអភិរក្សដំរី មិនមែនជារឿងរបស់ដំរីតែប៉ុណ្ណោះទេ វាជារឿងរបស់យើងទាំងអស់គ្នា។

ប្រធានកិត្តិយសនៃសមាគមអភិរក្សដំរីអៃរ៉ាវត្តា​ បានថ្លែងថា នៅពេលនិយាយពីការអភិរក្សដំរី យើងមិនអាចនិយាយតែអំពីដំរីព្រៃបានទេ។ ដំរីស្រុក ក៏ជាផ្នែកមួយដ៏សំខាន់នៃមរតកមានជីវិតរបស់កម្ពុជា។ បើដំរីព្រៃត្រូវការព្រៃ និងទីជម្រក ដំរីស្រុកត្រូវការទាំងទីជម្រកការ ថែទាំ សុខុមាលភាព ពេទ្យសត្វ ចំណី អ្នកថែរក្សា និងការគាំទ្ររយៈពេលវែង។ នេះហើយជាគុណតម្លៃនៃការងារដែល សមាគមអភិរក្សដំរីអៃរ៉ាវត្តា កំពុងធ្វើ។ អៃរ៉ាវត្តា មិនមែនគ្រាន់តែជាកន្លែងថែរក្សាដំរីទេ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា អៃរ៉ាវត្តា កំពុងចូលរួមថែរក្សាសុខុមាលភាពដំរី រក្សាចំណេះដឹង និងទំនាក់ទំនងប្រពៃណីរវាងមនុស្ស​ និងដំរី និងសំខាន់បំផុត គឺ បង្កើតលក្ខខណ្ឌឱ្យដំរីអាចបន្តពូជ និងមានជំនាន់បន្ទាប់បាន។ នេះជាបញ្ហាសំខាន់ណាស់។ ព្រោះការអភិរក្សពិតប្រាកដ មិនមែនគ្រាន់តែធ្វើឱ្យដំរីដែលមាននៅថ្ងៃនេះរស់បានល្អប៉ុណ្ណោះទេ។ ការអភិរក្សពិតប្រាកដ គឺធ្វើឱ្យដំរីមានជំនាន់បន្ទាប់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា រាត្រីនេះមិនត្រឹមតែរៃអង្គាសថវិកា យើងកំពុងរៃអង្គាសក្តីសង្ឃឹម។ នេះហើយជាអត្ថន័យពិតប្រាកដ នៃរាត្រីសមោសររបស់យើង។ យើងមិនមកទីនេះគ្រាន់តែដើម្បីជួបជុំទទួលទានអាហារ ឬថតរូបអនុស្សាវរីយ៍ទេ។ យើងមកទីនេះដើម្បីធ្វើអ្វីមួយជាក់ស្តែងសម្រាប់ដំរី។ ថវិកាដែលទទួលបានពីរាត្រីនេះនឹងជួយទ្រទ្រង់ការផ្តល់ចំណី ការថែទាំសុខភាព និងសុខុមាលភាពដំរី ការងារពេទ្យសត្វ ការតាមដាន និងគាំទ្រការបន្តពូជ ការថែរក្សាទីជម្រក ការគាំទ្រអ្នកថែដំរី និងការអប់រំផ្សព្វផ្សាយដល់សហគមន៍។

បើយោងតាមរបាយការណ៍របស់ប្រធានសមាគម អៃរាវត្តា បានឱ្យដឹងថា សមាគមផ្តល់ការថែទាំចិញ្ចឹមដំរីស្រុក ៤ក្បាល ញី២ក្បាល និងឈ្មោល២ក្បាល នៅក្នុងខេត្តរតនគិរី ដោយឈរលើចក្ខុវិស័យគោលគឺការបង្កាត់ពូជដំរី បន្តនិរន្តន៍ភាពពូជដំរីស្រុក ការដាំដើមឈើដើម្បីជាជម្រកសត្វព្រៃជួយលើកស្ទួយវិស័យអេកូទេសចរណ៍ និងលើកតម្កើងវិស័យបរិស្ថាន ការពារអភិរក្សជីវៈចម្រុះ និងការងារថែរក្សបេតិកភណ្ឌជនជាតិដើមភាគតិច ព្រមទាំងចូលរួមក្នុងយុទ្ធនាការការងារសប្បុរសធម៌។

ប្រធានសមាគម អៃរាវត្តា បានលើកឡើងថា បើពុំមានការលើកទឹកចិត្តគាំទ្រពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូល និងពីសំណាក់សប្បុរសជននោះសមាគមអៃរាវតា្ត ពុំអាចដំណើរការបានមកដល់សព្វថ្ងៃនោះទេ។ ថវិកាដែលបានទទួលពីសប្បុរសជនកន្លងមក និងកម្រៃទទួលបាននៅក្នុងកម្មវិធីរាត្រីសមោសររៃអង្គាសថវិកានារាត្រីនេះនឹងយកទៅប្រើប្រាស់ក្នុងកិច្ចការងារអភិរក្សដំរីស្រុក នៅខេត្តរតនគិរី ដែលជាដំរី ចំនួនតែ៤ក្បាល​ចុងក្រោយ៕