FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន GAZ Group ផលិតរថយន្តដឹកទំនិញដ៏ធំរបស់រុស្ស៊ី មានបំណងវិនិយោគនៅភ្នំពេញ

13-08-2026 15:31

(ភ្នំពេញ)៖ ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយ ខាងផលិតរថយន្តដឹកទំនិញ នៅក្នុងប្រទេសរុស្ស៊ី និងមានសាខានៅបណ្ដាប្រទេសមួយចំនួនថែមទៀតនោះ មានបំណងវិនិយោគ នៅភ្នំពេញបន្ថែមទៀត ខណៈដែលនៅប្រទេសវៀតណាម ក្រុមហ៊ុននេះបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងការផលិតរថយន្តនិងគ្រឿងបន្លាស់។

ការបង្ហាញពីបំណងខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី ដឹកនាំដោយលោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) នាយកគ្រប់គ្រង GAZ Group និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក ដុលហ្គូវ ឡេអូនីត (Mr. Dolgov Leonid) បានធ្វើបទបង្ហាញពីគុណភាព និងសមត្ថភាពរថយន្តដឹកទំនិញជាច្រើនប្រភេទរបស់ GAZ Group ដោយលោកបានមានប្រសាសន៍លើកឡើងថា នេះជាលើកទី២ហើយ ដែលលោកបានមកកម្ពុជា លោកនឹងធ្វើបទបង្ហាញម្ដងទៀត ពីក្រុមហ៊ុន GAZ Group។

ផលិតផល GAZ យើងបានធ្វើ៩១ឆ្នាំមកហើយ មាន១៥រោងចក្រ។ ចុងក្រោយក្រុមហ៊ុននេះ បានបង្កើតរោងចក្រផលិតនៅប្រទេសវៀតណាម ដែលជាបច្ចេកទេសរុស្ស៊ីទាំងអស់ មានទាំងប្រភេទរថយន្តដឹកទំនិញ រថយន្តក្រុង ឡានទឹក រថយន្តសង្គ្រោះបន្ទាន់ជាដើម ដោយប្រើប្រាស់សាំង ប្រេងម៉ាស៊ូត ហ្គាស និងអគ្គិសនី។

ក្រោយការសិក្សា នៅប្រទេសកម្ពុជាមានតម្រូវការច្រើន ជាមួយក្រុមហ៊ុន GAZ Group។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជាបន្តទៀត។ កិច្ចការងារនេះ ក្រុមហ៊ុន GAZ Group បានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ដងរួចហើយ ក្នុងអំឡុងពេលសម្ដេចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ក្រុមហ៊ុនចង់ឱ្យរដ្ឋបាលរាជធានីភ្នំពេញសម្របសម្រួលជួយរកទីតាំង ដើម្បីឱ្យក្រុមហ៊ុន បានដំណើរការនៅពេលឆាប់ៗនេះ នៅប្រទេសកម្ពុជា ដោយគ្រោងផលិតរថយន្តនិងគ្រឿងបន្លាស់។

ជាមួយគ្នានេះ បន្ទាប់ពីការពិភាក្សាគ្នា រួច ក្រុមហ៊ុន GAZ Group និងក្រុមការងារ បានពិនិត្យគំរូរថយន្តចំនួន ២ប្រភេទ ដើម្បីធ្វើការជ្រើសរើសយក ១ប្រភេទ ព្រោះក្រុមហ៊ុននឹងផ្ដល់ជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១គ្រឿង។ បន្ទាប់មកក្រុមហ៊ុននឹងបញ្ជូនរថយន្តនោះ ពីរោងចក្រនៃប្រទេសរុស្ស៊ី មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញតែម្ដង ដោយក្រុមហ៊ុនបានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកសម្របសម្រួលលើបែបបទនាំចូល។

ការឆ្លើយតប លោក អ៊ីមរ៉ន ហាស្សាន់ បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុន GAZ Group នៅប្រទេសកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏បានសន្យានឹងជួយសម្របសម្រួលផ្លូវច្បាប់ឱ្យក្រុមហ៊ុនផងដែរ៕