FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ARDB: កសិករគួរមានផែនការឲ្យបានច្បាស់លាស់ មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុ អំពីលទ្ធភាពសងត្រឡប់

13-08-2026 15:22

(ខេត្តព្រះវិហារ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានណែនាំ ដល់ប្រជាកសិករនៅស្រុកសង្គមថ្មីខេត្តព្រះវិហារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការខ្ចីប្រាក់យកទៅធ្វើកសិកម្មពី ស្ថាប័ននានាដោយត្រូវមានផែនការផលិតកម្មច្បាស់លាស់ និងផែនការសងត្រឡប់មកវិញ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល។

ការណែនាំនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសលោកបណ្ឌិត កៅ ថាច បានដឹកនាំសហការីចុះ ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាកសិករនៅស្រុកសង្គមថ្មី ដើម្បីស្វែងយល់ដោយផ្ទាល់ពីស្ថានភាពជីវភាព ការធ្វើកសិកម្ម និងបញ្ហាប្រឈមនានាដែលកសិករកំពុងជួបប្រទះនៅមូលដ្ឋាន។

ក្នុងពិធីនោះក៏មានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ, លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី ព្រមទាំងក្រុមការងារសមាគម បណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំមេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងឲ្យដឹងថា ការធ្វើកសិកម្មមានហានិភ័យខ្ពស់ ព្រោះពឹងផ្អែកលើកត្តាជាច្រើនដូចជា អាកាសធាតុ ទឹកភ្លៀង តម្លៃធាតុចូលកសិកម្ម និងតម្លៃទីផ្សារ។ ដូច្នេះការខ្ចីប្រាក់យកទៅធ្វើកសិកម្មត្រូវគិតគូរ និងរៀបចំផែនការឱ្យបានច្បាស់លាស់ ទើបមិនខាតបង់ច្រើន។

លោកបណ្ឌិតបានបញ្ជាក់ថា «លើសពីនេះទៀតកសិករគួរពិចារណា ឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ ដោយត្រូវគិតគូរពីសមត្ថភាព សងបំណុល ផែនការផលិតកម្ម ថ្លៃដើមផលិតកម្ម និងទីផ្សារសម្រាប់ផលិតផល។ ដូច្នេះ កសិករមិនគួរខ្ចីប្រាក់ ដោយគ្មានផែនការច្បាស់លាស់ ឬខ្ចីប្រាក់បន្ថែមទេ ដើម្បីយកទៅសងបំណុលចាស់ឡើយ ព្រោះអាចធ្វើឱ្យជាប់នៅក្នុងអន្ទាក់បំណុល»

លោកបណ្ឌិតបានបញ្ជាក់ថា ជាមួយគ្នានេះប្រជាកសិករត្រូវយល់ដឹង និងស្គាល់កាន់តែច្បាស់ពីតួនាទីរបស់សមាគមបណ្តាញកសិករតេជោ ព្រមទាំងសេវាហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលផ្តោតសំខាន់លើការផ្តល់ហិរញ្ញប្បទាន សម្រាប់វិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម។

បន្ថែមពីនេះលោកបណ្ឌិតប្រតិភូ បានលើយកបញ្ហាប្រឈមសំខាន់ៗចំនួន ៤ សម្រាប់កសិករពិចារណា រួមមាន ទី១ បញ្ហាហិរញ្ញប្បទាន ទី២ បញ្ហាទីផ្សារ ទី៣ បញ្ហាថ្លៃធាតុចូលកសិកម្ម ជាពិសេសជី ថ្នាំកសិកម្ម និងសម្ភារៈផ្សេងៗ ដែលធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង និងទី៤ បញ្ហាបច្ចេកទេសកសិកម្ម ដោយកសិករមួយចំនួននៅតែអនុវត្តតាមទម្លាប់ និងធ្វើតាមគ្នាដោយមិនមានបច្ចេកទេសគ្រប់គ្រាន់៕