FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ឆ្នាំង បង្កើតក្រុមការងារចុះត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន៦ រួមទាំងឃុំទឹកហូត ដែលកំពុងផ្ទុះខ្លាំងរឿងបង្គោលសូឡាតម្លៃ ៨លានរៀល

13-08-2026 14:45

(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានបង្កើតក្រុមការងារចំពោះកិច្ចមួយ សម្រាប់ចុះត្រួតពិនិត្យភាពមិនប្រក្រតី នៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន៦ និងគម្រោងមូលនិធិឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។

ក្រុមការងារចំពោះកិច្ចនេះ មានសមាសភាពសរុប១៤ រូប ដែលដឹកនាំដោយលោក ឈឹម វុទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយមន្ត្រីសាលាខេត្ត ដូចជា នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុក-ក្រុងនានា និងនាយក-នាយករងទីចាត់ការមួយចំនួន នៃសាលាខេត្ត។

ភារកិច្ចចម្បងរបស់ក្រុមការងាររួមមាន៖

*ការចុះពិនិត្យ និងស្រាវជ្រាវអំពីការអនុវត្តគម្រោងមូលនិធិ (ព័ត៌មាន និងកិច្ចសន្យាគម្រោង) នៅក្នុងឃុំទឹកហូត នៃស្រុករលាប្អៀរ, ឃុំមេលំ នៃស្រុកបរិបូណ៌, ឃុំចោងម៉ោង នៃស្រុកទឹកផុស, ឃុំសេដ្ឋី នៃស្រុកសាមគ្គីមានជ័យ, ឃុំលង្វែក នៃស្រុកកំពង់ត្រឡាច និងគម្រោងមូលនិធិឃុំ-សង្កាត់ទូទាំងខេត្ត។

*ក្រុមការងារក៏ត្រូវត្រួតពិនិត្យការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ-សង្កាត់ ឬអ្នកទទួលការដែលពាក់ព័ន្ធនឹងគម្រោងទាំងនេះ។

*បន្ទាប់ពីប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ ក្រុមការងារនឹងត្រូវធ្វើរបាយការណ៍អំពីលទ្ធផលគោរពជូនក្រសួងមហាផ្ទៃ៕