FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សំ លាងទ្រី អំពាវនាវឲ្យបងប្អូនៅស្រុកឆែប បន្តថែរក្សាសុខសន្តិភាព និងលើកស្ទួយព្រះពុទ្ធសាសនា

13-08-2026 14:32

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៣វត្ត នៅទូទាំងស្រុកឆែប។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកទំនុកបម្រុងវិស័យព្រះពុទ្ធសាសនា និងលើកស្ទួយប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

ក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបានសង្កត់ធ្ងន់ថា ការប្រគេនទៀនព្រះវស្សាជារៀងរាល់ឆ្នាំ គឺជាទំនៀមទម្លាប់ដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបង្ហាញពីសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។

លោកបានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង រួមទាំងវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនជាបន្តបន្ទាប់។

លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំរក្សាសុខសន្តិភាព និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិកក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបន្តគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ដើម្បីឱ្យវិស័យនេះបន្តរីកចម្រើន និងដើរតួនាទីជាប្រភពនៃការអប់រំសីលធម៌ គុណធម៌ និងសាមគ្គីភាពក្នុងសង្គមកម្ពុជា។

ព្រះគ្រូព្រះអនុគណស្រុកឆែប បានមានសង្ឃដីកាអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សំ លាងទ្រី និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យព្រះពុទ្ធសាសនា និងបានសម្តែងក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក ស្រុកឆែបនឹងបន្តរីកចម្រើន និងលើកស្ទួយព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណីជាតិ៕