ស្នងការដ្ឋាននគរបាលខេត្តកែប បិទបញ្ចប់សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ
13-08-2026 14:20
(កែប)៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានប្រជុំបិទបញ្ចប់សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដោយចូលរួមពីសំណាក់អគ្គនាយករង ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ព្រមទាំងលោក លោកស្រីស្នងការរងនគរបាលខេត្ត នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ សង្កាត់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានស្វាគមន៍លោកឧត្តមសេនីយ៍ឯក ងួន ស្រេង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារសវនកម្ម និងប្រធានផែន ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្ត ដែលបានចូលរួមសហការបង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារសវនកម្មផ្ទៃក្នុង ក្នុងគោលបំណងស្វែងរកអំពីចំណុចខ្លាំង-ខ្សោយ ដើម្បីកែសម្រួលនិងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
លោកស្នងការ បានបន្ថែមថា ស្នងការដ្ឋាននគរបាលខេត្ត បានយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងណែនាំចង្អុលបង្ហាញដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋាន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់សេចក្ដីណែនាំ គោលការណ៍របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធការគ្រប់គ្រង និងដឹកនាំកងកម្លាំង ព្រមទាំងការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងមធ្យោបាយ ឧបករណ៍បច្ចេកទេស ជូនដល់កងកម្លាំង ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបំពាក់ជូននាពេលកន្លងមក សំដៅបម្រើឱ្យកិច្ចប្រតិបត្តិការ និងការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង បានថ្លែងអំណរគុណ និងសូមកោតសរសើរដោយស្មោះ ដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលបានរួមចំណែកសហការ និងជួយសម្របសម្រួល ជាមួយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ធ្វើឱ្យការងារសវនកម្មអាចសម្រេចបានលទ្ធផលជារបាយការណ៍ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានការព្រមព្រៀងទទួលយក ដើម្បីបន្តរួមចំណែកកែលំអជាបន្តបន្ទាប់ទៀត។
លោកបានសង្កត់ធ្ងន់ សំដៅលើការពិនិត្យការងារគ្រប់គ្រងកម្លាំង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការងារផ្គត់ផ្គង់ភស្តុភារនិងហិរញ្ញវត្ថុ និងយកចិត្តទុកដាក់បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីមូលដ្ឋានប្រកបដោយភាពសុខសាន្ត ជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកសម្រាកកម្សាន្ត ឱ្យកាន់តែមានកំណើនជាបន្តបន្ទាប់បន្ថែមទៀត៕






















