មន្ទីរពេទ្យកាល់ម៉ែត ចែករំលែកបទពិសោធន៍ការងារដល់មន្ទីរពេទ្យបង្អែកតាមបណ្ដាខេត្ដ ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពឱ្យបានកាន់តែប្រសើរជូនអ្នកជំងឺ
13-08-2026 14:14
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យកាល់ម៉ែត បានទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក៏ដូចជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បរិវត្តកម្ម នៃការគ្រប់គ្រង និងការផ្តល់សេវានៅផ្នែកជួរមុខរបស់មន្ទីរពេទ្យបង្អែក» ចំនួន៧៨រូប ដែលធ្វើឡើងក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យរង វូ សុភៈរស្មី មន្ដ្រីជាន់ខ្ពស់សុខាភិបាល និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងដំណើរទទួលស្វាគមន៍នេះ លោកសាស្ដ្រាចារ្យរង បានថ្លែងថា ថ្ងៃនេះគឺជាលើកទី២ ហើយដែលមន្ទីរពេទ្យកាល់ម៉ែត បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មន្ទីរពេទ្យបង្អែក និងធ្វើការចែករំលែកបទពិសោធន៍ជូនសិក្ខាកាមទាំងអស់ ដោយផ្តោតទៅលើការងារគ្រប់គ្រង ការងារដឹកនាំ ធនធានមនុស្ស ផ្នែកបច្ចេកទេស និងការងារបដិសណ្ឋារកិច្ចជាមួយអ្នកជំងឺជាដើម។
«ដំណើរទស្សនកិច្ចនាពេលនេះ ជាឱកាសដ៏មានតម្លៃដើម្បីធ្វើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងកម្រិតអ្នកបច្ចេកទេសពាក់ព័ន្ធរបស់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យ ថ្នាក់ក្រោមជាតិ ស្របទៅតាមគោលដៅរបស់ក្រសួងមុខងារសាធារណៈ ក៏ដូចជាការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលដៅជួយបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារបស់មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្ត ឱ្យបានកាន់តែប្រសើរជូនអ្នកជំងឺ»។
លោកសាស្ដ្រាចារ្យរង វូ សុភៈរស្មី បានថ្លែងទៀតថា នាពេលបច្ចុប្បនេះរបស់ក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងជួយពង្រឹងដល់មន្ទីរពេទ្យ ក៏ដូចជាមណ្ឌលសុខភាពតាមបណ្តាខេត្ត ធ្វើយ៉ាងណាកាត់បន្ថយគម្លាតបច្ចេកទេសរវាងមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យស្ថិតក្នុងកម្រិតអប្បរមា ដើម្បីមានលទ្ធភាពបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកាត់បន្ថយ អត្រាមរណភាពនៃអ្នកជំងឺឱ្យនៅកម្រិតទាបបំផុត។ យន្តការនានាត្រូវបានក្រសួងសុខាភិបាល ដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចបាននូវ «ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ដែលជាកម្មវិធីគោលនយោយបាយអាទិភាពទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យទីប្រឹក្សា អគ្គនាយករង មន្ទីរពេទ្យ ការិយាល័យរដ្ឋបាល គណនេយ្យ បច្ចេកទេស អគ្គគិលានុបដ្ឋាយិកា និងថ្នាក់ដឹកនាំផ្នែកទាំងអស់ ដែលបានខិតខំសហការគ្នារៀបចំទទួលស្វាគមន៍ដំណើរទស្សនិច្ចរបស់សិក្ខាកាមនៃក្រសួងមុខងារសាធារណៈនាពេលនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពថែទាំ និងព្យាបាលអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរឱ្យកាន់តែប្រសើរឡើងតាមបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ការចងក្រងពិធីសារ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពកាន់តែខ្ពស់ សម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺបានយ៉ាងប្រសើរជាលំដាប់។
លោកបានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ មន្ទីរពេទ្យបង្អែកទាំងអស់នឹងខិតខំពង្រីកវិសាលភាពលើសេវាព្យាបាលរបស់ខ្លួនបន្ថែម ព្រមទាំងបន្តអភិវឌ្ឍន៍មន្ទីរពេទ្យទៅតាមអាទិភាព ការងាររបស់ខ្លួន ដោយសហការ និងទំនាក់ទំនងជាប្រចាំជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរពេទ្យថ្នាក់ជាតិ លើការងារបណ្តុះបណ្តាល ការប្រឹក្សាយោបល់ និងការគាំទ្រនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាក្នុងការធ្វើបរិវត្តកម្មក្នុងវិស័យសុខាភិបាល និងធ្វើជាបង្គោលរឹងមាំផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន៕






































