បណ្ឌិត គិន ភា៖ អំពើឆបោកអនឡាញ កំពុងក្លាយជាបញ្ហាសន្តិសុខមិនប្រពៃណីដ៏ធំមួយ ត្រូវបានគេប្រើប្រាស់ជាប្រធានបទប្រកួតប្រជែងនិទានកថា ដើម្បីលាបពណ៌ និងបំផ្លាញមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ
13-08-2026 13:50
(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អំពើឆបោកអនឡាញ និងឧក្រិដ្ឋកម្មសាយប័រឆ្លងដែន កំពុងក្លាយជាបញ្ហាសន្តិសុខមិនប្រពៃណីដ៏ធំមួយ ដែលមិនត្រឹមតែបង្កការខាតបង់ផ្នែកសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេប្រើប្រាស់ជាប្រធានបទប្រកួតប្រជែងនិទានកថា ដើម្បីលាបពណ៌ និងបំផ្លាញមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
ការលើកឡើងរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា បើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ និងមានការចូលរួមពីសំណាក់អ្នកជំនាញមកពីប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម សាធារណរដ្ឋកូរ៉េ អាល្លឺម៉ង់ និងប៉ាគីស្ថាន។
លោកបណ្ឌិត គិន ភា បានថ្លែងថា បញ្ហាប្រឈមមិនមែនមកពីខាងក្រៅតែប៉ុណ្ណោះទេ ភាពខុសគ្នានៃផលប្រយោជន៍ជាតិ ការយល់ឃើញចំពោះបរិយាកាសយុទ្ធសាស្ត្រ និងការឆ្លើយតបចំពោះបញ្ហារសើបក្នុងតំបន់ អាចធ្វើឱ្យការកសាងកុងសង់ស៊ីសកាន់តែលំបាក។ ជាមួយគ្នានេះបទល្មើសសាយប័រឆ្លងដែន ព័ត៌មានមិនពិត និងនិទានកថា សន្តិសុខដែលអាចត្រូវបានធ្វើនយោបានីយកម្ម ក៏អាចប៉ះពាល់ដល់ទំនុកចិត្តអន្តររដ្ឋ និងសាមគ្គីភាពក្នុងតំបន់។ ដូច្នេះ សំណួររបស់យើងមិនមែនថា «តើអាស៊ាន នៅតែមានមជ្ឈភាព ឬទេ?» ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះគឺ «តើអាស៊ានត្រូវធ្វើអ្វី ដើម្បីឱ្យមជ្ឈភាពរបស់ខ្លួនមានប្រសិទ្ធភាព និងអាចឆ្លើយតបនឹងស្ថានការណ៍ថ្មី?»។
លោកបណ្ឌិត គិន ភា បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងចំណោមបញ្ហាសន្តិសុខមិនប្រពៃណីដែលកំពុងប្រឈមមុខនឹងតំបន់ អំពើឆបោកអនឡាញ និងឧក្រិដ្ឋកម្មសាយប័រឆ្លងដែន មិនត្រឹមតែបង្កការខាតបង់ផ្នែកសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងក្លាយជាប្រធានបទនៃការប្រកួតប្រជែងនិទានកថា ដែលក្នុងករណីខ្លះត្រូវបានគេប្រើប្រាស់ដើម្បីលាបពណ៌ឈ្មោះ និងបំផ្លាញមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិទៀតផង»។
ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា កម្ពុជាទទួលស្គាល់ដោយឥតលាក់លៀម ថាបញ្ហាឆបោកអនឡាញមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចដែលវាកំពុងកើតមាននៅក្នុងប្រទេសជាច្រើនទៀត ប៉ុន្តែការមានបទល្មើសកើតឡើងនៅលើទឹកដីកម្ពុជា មិនមានន័យថាកម្ពុជាជាប្រទេសប្រភពដើមនៃឧក្រិដ្ឋកម្មនេះឡើយ។ ផ្ទុយទៅវិញ កម្ពុជាក៏ជាប្រទេសរងគ្រោះមួយនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលមានប្រភព តួអង្គ បច្ចេកវិទ្យា មូលធន និងប្រតិបត្តិការឆ្លងកាត់ព្រំដែនជាច្រើន។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ក្រាប ការអនុវត្តច្បាប់និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ ដើម្បីលុបបំបាត់ និងផ្តាច់ឫសគល់ អំពើឆបោកអនឡាញ។ «ដូច្នេះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មប្រភេទនេះគួរផ្អែកលើភស្តុតាងច្បាប់ ការទទួលខុសត្រូវរួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនគួរត្រូវបានធ្វើនយោបាយនីយកម្ម ឬប្រើប្រាស់ជានិទានកថា ដើម្បីទម្លាក់កំហុស បង្អួចកេរ្តិ៍ឈ្មោះប្រទេសណាមួយ ឬបង្កភាពមិនទុកចិត្ត និងភាពតានតឹងរវាងរដ្ឋ និងរដ្ឋឡើយ»។
ដើម្បីឆ្លើយសំណួរនេះ លោកបណ្ឌិតបានបន្តថា កម្មវិធីវេទិកាភ្នំពេញលើកទី៥ ត្រូវបានរៀបចំជាវគ្គពេញអង្គចំនួនបី ដែលមានតួនាទីខុសគ្នា ប៉ុន្តែភ្ជាប់គ្នាជាខ្សែសង្វាក់តែមួយ។ វគ្គទី១ «ការប្រកួតប្រជែងយុទ្ធសាស្ត្រនិងមជ្ឈភាពអាស៊ាន» នឹងពិនិត្យផលប៉ះពាល់បន្តពីជម្លោះសកល ការប្រកួតប្រជែងយុទ្ធសាស្ត្រ កំណើនយន្តការអប្បភាគីនិយម និងអនាគត នៃយន្តការដឹកនាំដោយអាស៊ាន។ វគ្គទី២ «ភាពចលាចលសេដ្ឋកិច្ចនិងភាពធន់ក្នុងតំបន់» នឹងផ្តោតលើសម្ពាធ ពាណិជ្ជកម្ម និងពន្ធគយ ការរំខានខ្សែច្រវាក់ផ្គត់ផ្គង់ អតិផរណា ថាមពល និងបញ្ហាកំណើន។ វគ្គទី៣ «សាមគ្គីភាព អភិបាលកិច្ច និងមាគ៌ាអាស៊ាន» នឹងពិភាក្សាពីគម្លាតផ្ទៃក្នុង ការគ្រប់គ្រងបញ្ហារសើប ហានិភ័យនៃការបែកបាក់ ការសម្របខ្លួនរបស់ស្ថាប័ន និងផលប៉ះពាល់នៃនិទានកថាបទល្មើសសាយប័រឆ្លងដែនលើទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ។
លោកបណ្ឌិត គិន ភា បានអះអាងថា វេទិកាភ្នំពេញមិនត្រូវបានរៀបចំឡើងដើម្បីកំណត់ថាប្រទេសណាត្រូវ ឬប្រទេសណាខុសឡើយ។ យើងចង់រក្សាវេទិកានេះជាលំហបណ្ឌិតសភា និងគោលនយោបាយដែលបើកចំហ មានតុល្យភាព និងគោរពភាពខុសគ្នា។ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាតថភាពមួយដែលអាស៊ានមិនអាចលុបបំបាត់បាន ប៉ុន្តែអាស៊ាន អាចកំណត់របៀបដែលខ្លួនឆ្លើយតប។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏មិនអាចគ្រប់គ្រងដោយប្រទេសណាមួយតែឯងបានដែរ ប៉ុន្តែអាស៊ានអាចកសាងភាពធន់រួម។ ហើយភាពខុសគ្នាក្នុងចំណោមសមាជិក មិនចាំបាច់នាំទៅរកការបែកបាក់ទេ ប្រសិនបើយើងអាចរក្សាវប្បធម៌នៃការពិគ្រោះយោបល់ ការគោរពគ្នា និងផលប្រយោជន៍រួមរយៈពេលវែង។
តាមរយៈការពិភាក្សាលើប្រធានបទទាំងបីនេះ លោកបណ្ឌិត គិន ភា សង្ឃឹមថាវេទិកានេះ នឹងរួមចំណែកដល់ការកំណត់ របៀបវារៈអាស៊ានដែលមានតុល្យភាព និងសម្លឹងឆ្ពោះទៅមុខដែលមិនត្រឹមតែពង្រឹងភាពធន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឱ្យយើងដើរតួនាទីប្រកបដោយបុរេសកម្មបន្ថែមទៀត នៅក្នុងអភិបាលកិច្ចតំបន់ និងពិភពលោក៕




