គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះត្រួតពិនិត្យ និងបិទសៀលឡើងវិញលើទីតាំងចំនួន ១១កន្លែង ដែលធ្លាប់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
13-08-2026 13:14
(កណ្ដាល)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបិទសៀលឡើងវិញលើទីតាំងចំនួន ១១កន្លែង ដែលធ្លាប់បានបិទសៀលកន្លងមក។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងលោក គួច ចំរើន អភិបាលខេត្ត ដោយមានកិច្ចសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
ក្នុងកិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីតំណាង គ.ប.ឆ.ប, ក្រុមការងារ គ.ល.ក , មន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូនផងដែរ។
ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមអគារទាំង ១១ទីតាំង ដែលធ្លាប់បានបិទសៀលកន្លងមក។
ជាលទ្ធផលនៃការត្រួតពិនិត្យ ក្រុមការងារបានរកឃើញថា សៀលមួយចំនួនមានសភាពរហែក និងរបកបន្តិចបន្តួច ដោយសារឥទ្ធិពលនៃភ្លៀងខ្យល់។
ទោះជាយ៉ាងណា ក្រុមការងារពុំបានរកឃើញនូវស្ថានភាពអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នៅក្នុងទីតាំងទាំងនោះឡើយ ហើយក៏ពុំមានភស្តុតាងណាមួយបញ្ជាក់ពីការលបលួចបើកប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នោះទេ។
ក្រោយពីការពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានឯកភាពគ្នាធ្វើកំណត់ហេតុ និងបិទសៀលឡើងវិញជាលើកទី២ ដើម្បីធានាបាននូវសុវត្ថិភាព និងទប់ស្កាត់រាល់សកម្មភាពខុសច្បាប់នានា។



















