FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ចុះពិនិត្យស្ថានភាពនៃការប្រគល់ហឹបដុំសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ, ដំណើរការកំណែនេះឈរលើគោលការណ៍ «អ្នកចេះគឺជាប់»

13-08-2026 12:14

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការប្រគល់ហឹបដុំសន្លឹកកិច្ចការបេក្ខជនតាមមណ្ឌលកំណែ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងត្រូវអប្បមាទទូទាំងប្រទេសប្រគល់ជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលមណ្ឌលកំណែនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរៀងៗខ្លួន ក្រោមការពិនិត្យយ៉ាងហ្មត់ចត់បំផុតពីអង្គភាពប្រឆាំងអំពើពុករលួយ។

តាមការរៀបចំរបស់ក្រសួង មណ្ឌលកំណែមានទីតាំងនៅសាលារៀនចំនួន ១០ ក្នុងរាជធានីភ្នំពេញ រួមមាន៖ មណ្ឌលកំណែភាសាបរទេស, មណ្ឌលកំណែគណិតវិទ្យា, មណ្ឌលកំណែប្រវត្តិវិទ្យា, មណ្ឌលកំណែអក្សរសាស្ត្រខ្មែរ, មណ្ឌលកំណែរូបវិទ្យា, មណ្ឌលកំណែគីមីវិទ្យា, មណ្ឌលកំណែជីវវិទ្យា, មណ្ឌលកំណែភូមិវិទ្យា, មណ្ឌលកំណែសីលធម៌ ពលរដ្ឋវិជ្ជា, មណ្ឌលកំណែផែនដី និងបរិស្ថានវិទ្យា។

ស្របពេលជាមួយគ្នានេះ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជននៅតាមមណ្ឌលកំណែនីមួយៗ នឹងត្រូវប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ និងហ្មត់ចត់បំផុត ឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ដោយមានការចូលរួមយ៉ាងសកម្ម ពីគណៈកម្មការកំណែ និងការតាមដានត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលទ្ធផលឆ្លើយតបនឹសមត្ថភាពពិតប្រាកដរបស់បេក្ខជនម្នាក់ៗ។ បន្ទាប់ពីបញ្ចប់វគ្គកំណែ ក្រសួងនឹងបន្តឈានចូលដល់វគ្គស្រង់ បញ្ចូល និងបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ ដោយមានការផ្ទៀងផ្ទាត់យ៉ាងប្រុងប្រយ័ត្នបំផុត មុននឹងឈានទៅដល់ការប្រកាសលទ្ធផលជាផ្លូវការ។

តាមការគ្រោងទុក ក្រសួងបានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាស លទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕