មន្ត្រីជាន់ខ្ពស់វប្បធម៌៖ ជនជាតិខ្មែរ បានចាប់កំណើតនៅលើដែនដីនេះ តាំងពីមុនគ្រិស្តករាជមកម៉្លេះ, មិនដូចជាតិសាសន៍ជិតខាងយើង ដែលទើបចាប់កំណើតនៅក្រោយសម័យអង្គរ បែរជាអួត កុហកប្រាប់ពិភពលោកថា ខ្លួនមានវប្បធម៌យូរលង់
13-08-2026 11:31
(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ តំណាងលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ជនជាតិខ្មែរ មិនមែនទើបចាប់កំណើតបង្កបង្កើតបានជាប្រទេស ឬក៏មិនមែនជាជាតិសាសន៍ ដែលរសាត់អណ្តែតមកពីណានោះទេ តែជាជនជាតិមួយ ដែលបានចាប់កំណើតនៅលើដែនដីនេះ តាំងពីមុនគ្រិស្តករាជមកម៉្លេះ។
លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «សម្លៀកបំពាក់ប្រពៃណីខ្មែរ នៅក្នុងពិធីបុណ្យជាតិ ពិធីមង្គលការ សុជីវធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម» នាថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោកស្រី នេត្រ ភូម៉ារី បានលើកឡើងថា ពាក្យថា «វប្បធម៌» គឺសម្តៅដល់សមិទ្ធិផល ឬអ្វីៗទាំងឡាយ ដែលមនុស្សបានបង្កើតឡើង ដោយការប្រើប្រាជ្ញា ស្មារតី កម្លាំងកាយចិត្ត និងការព្យាយាមអំណត់អត់ធ្មត់ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង ដល់សហគមន៍ និងដល់សង្គមជាតិទាំងមូល។ ព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃមានភាពល្បីល្បាញ និងទទួលបាននូវការកោតសរសើរនៅលើសាកលលោក ដោយសារមរតកវប្បធម៌ដ៏ល្អផូផង់ ប្រកបដោយប្រណិតភាព ដែលដូនតាខ្មែរយើងបានខិតខំបង្កើតឡើង និងបន្សល់ទុកដល់យើងជំនាន់នេះ។ ឧទាហរណ៍ «អង្គរ» ដែលជារាជធានីបុរាណនៃចក្រភពខ្មែរ និងជារមណីយដ្ឋានប្រវត្តិសាស្ត្រគ្មានពីរលើលោក ជាភស្តុតាងបង្ហាញយ៉ាងច្បាស់អំពីស្នាដៃឯករបស់ដូនតាយើង។ អង្គរបានប្រមូលផ្តុំទៅដោយបេតិកភណ្ឌវប្បធម៌រូបីច្រើនប្រភេទ មានដូចជា សំណង់ប្រាសាទបុរាណ រូបចម្លាក់ រូបបដិមា សិលាចារឹក ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគមនាគមន៍ និងរចនាសម្ព័ន្ធសំណង់ផ្សេងៗ។
លោកស្រីបានបន្តថា ជាមួយគ្នានោះ ដូនតាយើងក៏បានបង្កើតនូវវប្បធម៌អរូបី ច្រើនទម្រង់ផងដែរ រាប់ចាប់តាំងពី ការបង្កើតប្រព័ន្ធជំនឿ ការរៀបចំរបៀបរបបគ្រប់គ្រងគ្រួសារ និងការបង្កើតប្រព័ន្ធគ្រប់គ្រងសង្គមជាដើម។ ទាំងអស់នេះបានក្លាយទៅជាវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងជាអត្តសញ្ញាណជាតិ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីពូជពង្ស ជាតិសាសន៍ខ្មែរ រស់នៅលើដែនដីសុវណ្ណភូមិ តាំងពីយូរលង់ណាស់មកហើយនោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានបញ្ជាក់បន្តថា «ចំណុចខាងលើនេះ ខ្ញុំចង់គូសបញ្ជាក់ជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលទាំងមូលជ្រាបថា ជនជាតិខ្មែរ មិនមែនទើបចាប់កំណើតបង្កបង្កើតបានជាប្រទេស ឬក៏មិនមែនជាជាតិសាសន៍ ដែលរសាត់អណ្តែតមកពីណានោះទេ តែជាជនជាតិមួយ ដែលបានចាប់កំណើតនៅលើដែនដីនេះ តាំងពីមុនគ្រឹស្កករាជមកម៉្លេះ។ អ្នកស្រាវជ្រាវបរទេសជាច្រើនបានរកឃើញ និងបានកត់ត្រាទុកនូវដើមកំណើតនៃជនជាតិខ្មែរ ដែលមានអាយុកាលចាប់តាំងពីយុគថ្មបំបែក តាមរយៈការរកឃើញឧបករណ៍ថ្ម សម្ភារៈប្រើប្រាស់ធ្វើអំពីឆ្អឹងសត្វ និងទីជម្រករស់នៅ នៅតាមរូងភ្នំ ឬល្អាងភ្នំ នៅតាមតំបន់មាត់សមុទ្រ និងនៅតាមតំបន់ខ្ពង់រាបនៃអាណាចក្រខ្មែរ»។
លោកស្រីបានបន្ថែមថា «(ខ្មែរយើងរស់នៅឆ្លងកាត់) វប្បធម៌ថ្មបំបែក បន្តមកដល់វប្បធម៌ថ្មរំលីង វប្បធម៌លោហៈ រហូតមកដល់វប្បធម៌នៃការស្ថាបនាប្រាសាទបម្រើឱ្យការគោរពបូរជាអាទិទេព ការកសាងផ្លូវគមនាគមន៍បម្រើដល់ការធ្វើដំណើរ ការរៀបចំភូមិដ្ឋានសម្រួលដល់ការរស់នៅជាសហគមន៍ រហូតដល់ការបង្កើតល្បែងល្បាំ រឿងទេវកថា និងការរចនាតុបតែងខ្លួនប្រាណ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃទៀតផង។ មិនដូចជាតិសាសន៍ជិតខាងយើង ដែលទើបចាប់កំណើតនៅក្រោយសម័យអង្គរសោះ បែរជាអួត កុហកប្រាប់ពិភពលោកថា ខ្លួនមានវប្បធម៌យូរលង់ តែតាមពិតជាជាតិសាសន៍មួយ ដែលចូលចិត្តរករឿង បង្កហេតុ រកលេសបង្កជាជម្លោះមិនចេះចប់ មិនចេះហើយ បញ្ឆេះបង្កើតសង្គ្រាមដណ្តើមច្បាមយកដីប្រទេសជិតខាង។ មិនតែប៉ុណ្ណោះ ជាតិសាសន៍មួយនេះ មិនត្រឹមតែបានភៀសខ្លួនចុះមកពីទិសខាងជើងនៃអាណាចក្រខ្មែរ មកសុំជ្រកកោន ក្រោមអំណាចនៃព្រះមហាក្សត្រខ្មែរប៉ុណ្ណោះទេ ថែមទាំងបានយកវប្បធម៌របស់ដូនតាខ្មែរយើង ទៅធ្វើជាវប្បធម៌របស់ខ្លួន ដោយមិនចេះអៀនខ្មាស់ រាប់ចាប់តាំងពីភាសា អក្សរ ប្រាសាទបុរាណ និងប្រពៃណី ទំនៀមទំលាប់ខ្មែរមួយចំនួនទៀត»។
បើតាមលោកស្រី នេត្រ ភូម៉ារី ការរកលេសបង្កើតសង្គ្រាមដើម្បីឈ្លានពានច្បាមកាន់កាប់ដីខ្មែរខុសច្បាប់ និងការបាញ់បំផ្លាញប្រាសាទបុរាណខ្មែរនៅតាមបណ្តោយព្រំដែន ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ឱ្យពិភពលោកបានដឹងអំពី អត្តចរិត ចិត្តគំនិត និងពូជអំបូរនៃជាតិសាសន៍គ្មានអរិយធម៌ ជាតិសាសន៍ឃោរឃៅ ជាតិសាសន៍ដូចមនុស្សព្រៃ ដែលចូលចិត្តរំលោភបំពានអ្នកជិតខាង និងជាពិសេសរំលោភបំពានច្បាប់អន្តរជាតិ។ សកម្មភាពទាំងឡាយរបស់ចោរឈ្លានពាននេះ បានធ្វើឱ្យយើងឈានទៅពង្រឹងបាននូវស្មារតីស្រឡាញ់ជាតិ ចេះរួបរួមគ្នាគាំទ្ររាជរដ្ឋាភិបាល និងមានការភ្ញាក់រលឹកខិតខំស្វែងរកនិងបង្កើនចំណេះដឹង និងចំណេះជំនាញលើគ្រប់វិស័យ ដើម្បីរុញកម្ពុជាសំដៅឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍ពេញលេញ នៅឆ្នាំ២០៥០ខាងមុខនេះ៕








