អ្នកជំនាញជាតិ-អន្តរជាតិ ជួបជជែកនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងរកយុទ្ធសាស្ត្រពង្រឹងមជ្ឈភាពអាស៊ាន ក្នុងបរិបទប្រកួតប្រជែងសកល
13-08-2026 09:13
(ភ្នំពេញ)៖ វេទិកាភ្នំពេញលើកទី៥ ក្រោមប្រធានបទ «មជ្ឈភាពអាស៊ានក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» បានចាប់ផ្តើមហើយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសជាច្រើន រួមមាន កម្ពុជា អាល្លឺម៉ង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន ប៉ាគីស្ថាន និងសាធារណរដ្ឋកូរ៉េ។
វេទិកានេះមានគោលបំណងពិនិត្យមើលបញ្ហាប្រឈមដែលកំពុងប៉ះពាល់ដល់តួនាទីស្នូលរបស់អាស៊ាន ព្រមទាំងស្វែងរកយុទ្ធសាស្ត្រ និងវិធានការជាក់ស្តែង ដើម្បីពង្រឹងឯកភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន ក្នុងបរិបទដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកលកាន់តែស្មុគស្មាញ។
បច្ចុប្បន្ន អាស៊ានកំពុងប្រឈមមុខនឹងដំណាក់កាលនៃភាពមិនប្រាកដប្រជាខាងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចយ៉ាងខ្លាំង។ ផលប៉ះពាល់រួមគ្នានៃជម្លោះភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃតានតឹងពាណិជ្ជកម្ម កំពុងបង្កើតផលប៉ះពាល់ជាបន្តបន្ទាប់យ៉ាងខ្លាំងសម្រាប់អាស៊ីអាគ្នេយ៍។ ជម្លោះបន្តបន្ទាប់នៅអឺរ៉ុប និងមជ្ឈិមបូព៌ា រួមជាមួយវិធានការពន្ធគយ និងការប្រកួតប្រជែងសេដ្ឋកិច្ចដែលកើនឡើង កំពុងរំខានដល់ទីផ្សារថាមពល ខ្សែច្រវាក់ផ្គត់ផ្គង់ និងលំហូរពាណិជ្ជកម្មសកល។
ថាមភាពទាំងនេះ កំពុងរួមចំណែកដល់បរិយាកាសសម្ពាធ «អតិផរណាអមដោយការស្រុតចុះសេដ្ឋកិច្ច» (Stagflationary) ដែលកំណត់ដោយការកើនឡើងនៃតម្លៃទំនិញ កំណើនសេដ្ឋកិច្ចយឺត និងហានិភ័យសេដ្ឋកិច្ចកើនឡើង។ សម្រាប់សេដ្ឋកិច្ចអាស៊ាន ដែលមានការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារសកល សម្ពាធទាំងនេះ ត្រូវបានបន្ថែមដោយភាពងាយរងគ្រោះផ្នែករចនាសម្ព័ន្ធ និងកម្រិតអភិវឌ្ឍន៍មិនស្មើគ្នា។
ទន្ទឹមនេះទិដ្ឋភាពយុទ្ធសាស្ត្រតំបន់កំពុងវិវត្ត។ ការពង្រីកយន្តការសន្តិសុខបែបពហុភាគីតូចៗ និងបែបជ្រើសរើស កំពុងផ្លាស់ប្តូរទម្រង់កិច្ចសហប្រតិបត្តិការតំបន់ឡើងវិញ។ ទោះបីជាយន្តការទាំងនេះ អាចដោះស្រាយកង្វល់ជាក់លាក់ក៏ដោយ ក៏វាប្រឈមនឹងហានិភ័យនៃការបំបែកបំបាក់ដំណើរការតំបន់ និងធ្វើឱ្យចុះខ្សោយនូវតួនាទីកណ្តាលនៃវេទិកាដែលមានលក្ខណៈបរិយាបន្នដែលដឹកនាំដោយអាស៊ានផងដែរ។ ចំណែកផ្ទៃក្នុងអាស៊ានវិញ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមកើនឡើងចំពោះភាពស្អិតល្មួត។
ផលប្រយោជន៍ជាតិខុសៗគ្នា ការតម្រង់ទិសខាងក្រៅខុសៗគ្នា និងចម្លើយខុសៗគ្នាចំពោះបញ្ហារសើបដូចជាជម្លោះដែនសមុទ្រ បទល្មើសឆ្លងដែន និងនិទានកថាអំពីសន្តិសុខដែលកំពុងកើតមាន អាចធ្វើឱ្យការកសាងមតិឯកច្ឆ័នមានភាពស្មុគស្មាញ។ ប្រសិនបើទុកចោលដោយមិនបានគ្រប់គ្រង នោះ បទពិសោធទាំងនេះអាចធ្វើឱ្យឯកភាពអាស៊ានចុះខ្សោយ និងកាត់បន្ថយប្រសិទ្ធភាពរួម។វិបត្តិខាងក្រៅ និងសម្ពាធផ្ទៃក្នុងទាំងនេះបង្កើតបានជាបរិយាកាសសម្ពាធដ៏ស្មុគស្មាញសម្រាប់អាស៊ាន។ ការរក្សាមជ្ឈភាពអាស៊ាន នឹងទាមទារឱ្យមានការសម្របសម្រួលកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការឆ្លើយតបគោលនយោបាយដែលអាចបត់បែនបាន។
ផ្អែកលើបរិបទនេះ វេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ានក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» ត្រូវបានជួបប្រជុំ ដើម្បីផ្តល់វេទិកាតម្រង់ទិសគោលនយោបាយ ដើម្បីពិនិត្យមើលថាតើអាស៊ានអាចឆ្លើយតបយ៉ាងដូចម្តេចចំពោះបញ្ហាប្រឈមទាំងនេះ ពង្រឹងភាពធន់របស់ខ្លួន និងរក្សាតួនាទីកណ្តាលក្នុងបរិបទតំបន់ និងសកលលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ វេទិកាភ្នំពេញលើកទី៥ នឹងវាយតម្លៃផលប៉ះពាល់នៃសម្ពាធភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចលើអាស៊ាន ពិនិត្យមើលបញ្ហាប្រឈមចំពោះមជ្ឈភាពអាស៊ាននិងភាពស្អិតល្មួតក្នុងតំបន់ កំណត់វិធានការជាក់ស្តែងដើម្បីពង្រឹងឯកភាពនិងភាពធន់ ស្វែងរកការឆ្លើយតបគោលនយោបាយចំពោះការរំខានសេដ្ឋកិច្ច និងភាពងាយរងគ្រោះផ្នែករចនាសម្ព័ន្ធនិងបង្កើតអនុសាសន៍ជាក់ស្តែងនិងពាក់ព័ន្ធនឹងគោលនយោបាយ។
គួរបញ្ជាក់ថា វេទិកាភ្នំពេញ (Phnom Penh Forum – PPF) ជាវេទិកាពហុភាគីប្រចាំឆ្នាំ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះប្រមូលផ្តុំតំណាងពីរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ និងធនាគារខួរក្បាល សាកលវិទ្យាល័យ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ព័ន្ធផ្សេងៗទៀត មកពីបណ្តាប្រទេសអាស៊ាន តំបន់មេគង្គ ប្រទេសជិតខាង និងដៃគូពាក់ព័ន្ធ។
វេទិកាភ្នំពេញមានគោលបំណងបង្កើតជាលំហសម្រាប់ការសន្ទនា ការផ្លាស់ប្តូរគំនិត និងការកសាងទំនុកចិត្តរវាងសហគមន៍ការទូត គោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវ ដើម្បីចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខសំខាន់ៗក្នុងតំបន់។
ជាមួយគ្នានេះ វេទិកាក៏មានគោលដៅជំរុញការពិភាក្សាអំពីគំនិតផ្តួចផ្តើម និងដំណោះស្រាយគោលនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងផ្តល់លំហសម្រាប់ការទូតទាំងផ្លូវការ និងមិនផ្លូវការ។ លទ្ធផលនៃការពិភាក្សានឹងត្រូវចងក្រង និងផ្សព្វផ្សាយតាមរយៈរបាយការណ៍វេទិកាភ្នំពេញប្រចាំឆ្នាំ ដែលផ្តោតលើបញ្ហាប្រឈមផ្នែកការទូត គោលនយោបាយ និងសន្តិសុខនៅអាស៊ីអាគ្នេយ៍៕




























