FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតរំលែកទុក្ខជូនលោកស្រី Lao An ចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន ដែលត្រូវជាស្វាមីលោកស្រី

13-08-2026 08:48

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកស្រី Lao An ចំពោះមរណភាពរបស់លោក Zhu Rongji អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវជាស្វាមីរបស់លោកស្រី។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី Lao An មានខ្លឹមសារថា៖ «ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាព ឯកឧត្តម Zhu Rongji ស្វាមី ជាទីស្រឡាញ់របស់លោកជំទាវ និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៦នេះ ក្នុងជន្មាយុ៩៨ឆ្នាំ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងវេលាដ៏លំបាកនេះ តាងនាមប្រជាជនកម្ពុជាទាំងមូល និងព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមចូលរួមរំលែកនូវសមាន ទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏ឧត្តុង្គឧត្តម និងជាថ្នាក់ដឹកនាំប្រកបដោយចក្ខុវិស័យដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតរបស់ឯកឧត្តម ក្នុងការបម្រើបក្ស ប្រទេសជាតិ និងប្រជាជន។

ជាងនេះទៀត ការចូលរួមវិភាគទានដ៏ថ្លៃថ្លារបស់ឯកឧត្តម Zhu Rongji ក្នុងការធ្វើសេរីភាវូបនីយកម្ម និងសាកលភាវូបនីយកម្មសេដ្ឋកិច្ចជាតិ ក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំឱ្យ ប្រទេសចិនសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដូចបច្ចុប្បន្ននេះ។

សម្រាប់កម្ពុជា មរណភាពរបស់ឯកឧត្តម Zhu Rongji គឺជាការបាត់បង់ដ៏ធំធេងនូវមិត្តដ៏អស្ចារ្យ និងប្រកបដោយសេចក្តីសណ្តោសប្រណីមួយរូប ដែលបានប្រកាសលុបចោលរាល់បំណុល ហួសកាលកំណត់/ដល់កំណត់ទាំងអស់ ដែលកម្ពុជាជំពាក់ប្រទេសចិន ក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម មកកាន់កម្ពុជាកាលពីឆ្នាំ២០០២ ដែលនៅពេលនោះកម្ពុជាទើបតែទទួលបានសន្តិភាពពេញលេញ និងបានចាប់ផ្តើមស្តារប្រទេសឡើងវិញ ពីសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍។

សូមដួងវិញ្ញាណក្ខន្ធ ឯកឧត្តម Zhu Rongji ទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕