រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញពិនិត្យស្ថានភាពជាក់ស្តែងនៅអន្លង់ផ្សោតត្បូងខ្លា ខេត្តស្ទឹងត្រែង
13-08-2026 08:21
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញទស្សនា និងចុះពិនិត្យស្ថានភាពជាក់ស្តែងនៅ អន្លង់ផ្សោតត្បូងខ្លា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ព្រមទាំងស្ថានភាពនៃការរៀបចំសេវាកម្ម និងការទទួលភ្ញៀវទេសចរនៅតំបន់នេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន សហគមន៍ និងភាគីពាក់ព័ន្ធ បន្តរួមគ្នាថែរក្សាធនធានធម្មជាតិ និងជីវចម្រុះ ជាពិសេសការអភិរក្សសត្វផ្សោតទន្លេមេគង្គ ព្រមទាំងពង្រឹងគុណភាពសេវាកម្ម និងបង្កើតបទពិសោធន៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូល និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាសហគមន៍។
សូមជម្រាបជូនថា អន្លង់ផ្សោតត្បូងខ្លា គឺជាសក្តានុពលទេសចរណ៍ធម្មជាតិដ៏សំខាន់មួយរបស់ខេត្តស្ទឹងត្រែង ដែលអាចរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតង ប្រកបដោយចីរភាព និងការអភិរក្សធនធានធម្មជាតិ៕











