អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!
12-08-2026 22:55
(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយជនសង្ស័យជាក្មេងទំនើង០២ក្រុម មធ្យោបាយដោយម៉ូតូជាច្រើនគ្រឿង (ចម្រុះម៉ាក) ក្នុងនោះក្រុមទី២មានព្រះនាម បាញ់ស៊ុង កាហ្វេហាងចិន មានគ្នាប្រមាណ ២០នាក់ ភេទប្រុស បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក ប្រដាប់ដោយប្រើ ដាវ,ដុំថ្ម, ដងឆ័ត្រ និងដំបង និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ប្រមាណ ០៤៖៣០នាទី ទៀបភ្លឺ នៅចំណុច ស្ថានីយ៍ប្រេង TOTAL ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងក្រុមទី១ ចំនួន០៥នាក់ រួមមាន៖ ទី១ឈ្មោះ អេង ប្រុសដេត ភេទប្រុស, ទី២ឈ្មោះ ភូ សុភាវូធំ ភេទប្រុស ទី៣ឈ្មោះ គឹម សុខហេង ភេទប្រុស ទី៤ឈ្មោះ ចំរើន សំណាង ភេទប្រុស និងឈ្មោះ នឹម រិទ្ធានុត ភេទប្រុស រួមទាំងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
