អភិបាលខេត្តកែប ប្រគល់មូលនិធិខ្សែច្រវាក់តម្លៃ (VCIF) ដល់គ្រួសារកសិករខ្នាតតូច នៅសង្កាត់អូរក្រសារ ក្រុងកែប
12-08-2026 21:10
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះប្រគល់មូលនិធិអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃ (VCIF) នៃគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច «អេមស៍» របស់ក្រសួងពាណិជ្ជកម្ម ជូនគ្រួសារកសិករខ្នាតតូច នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងថា គម្រោង «អេមស៍» មានគោលបំណងជំរុញការអភិវឌ្ឍទីផ្សារ និងខ្សែច្រវាក់តម្លៃ ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូល របស់កសិករខ្នាតតូច ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦ គម្រោងបានគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងធនធានផលិតកម្ម ដូចជា កន្លែងប្រមូលផ្តុំមាន់ អណ្តូងស្រោចស្រពប្រើប្រព័ន្ធសូឡា ទ្រុង ពូជ និងចំណីមាន់ ផ្ទះសំណាញ់ និងគ្រាប់ពូជស្រូវ ព្រមទាំងបានសម្របសម្រួលកិច្ចសន្យាទិញ-លក់ផលិតផលចំនួន ១៩៦ កិច្ចសន្យា។
លោកប្រធានមន្ទីរ បន្តថាសម្រាប់ការផ្តល់មូលនិធិឆ្នាំ២០២៦នេះ ក្រុមការងារគម្រោង «អេមស៍» នៃមន្ទីរពាណិជ្ជកម្មខេត្តកែប សហការជាមួយដៃគូបច្ចេកទេស Green Innovet Cam (GIC) បានផ្តល់កូនមាន់ពូជស្គុយ បរិក្ខារ និងចំណីមាន់ ដល់ ២០គ្រួសារ ក្នុងចំណោមគ្រួសារ ចំនួន ៧២ ដែលចូលរួមក្នុងការវិនិយោគចិញ្ចឹមមាន់ខ្មែរ នៅខេត្តកែប។
ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានថ្លែងអំណរគុណ ចំពោះក្រសួងពាណិជ្ជកម្ម និងគម្រោង «អេមស៍» ដែលបានផ្តល់ការគាំទ្រ ដល់កសិករខ្នាតតូចនៅមូលដ្ឋាន និងបានផ្តាំផ្ញើដល់កសិករ ដែលទទួលបានការគាំទ្រ ត្រូវយកចិត្តទុកដាក់អនុវត្តការចិញ្ចឹមមាន់តាមបច្ចេកទេស រៀបចំផែនការអាជីវកម្ម និងទីផ្សារឱ្យបានច្បាស់លាស់។
លោកអភិបាលខេត្ត ក៏បានណែនាំ ដល់មន្ទីរពាណិជ្ជកម្មខេត្ត បន្តសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីគាំទ្រកសិករ ទាំងផ្នែកបច្ចេកទេស អាជីវកម្ម និងទីផ្សារ សំដៅធានានិរន្តរភាពផលិតកម្ម និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ៕

















