វេជ្ជបណ្ឌិត គួង ឡូ ជំរុញមន្ត្រីសុខាភិបាលខេត្តព្រះវិហារ ពង្រឹងការរកមេរោគ HPV ទប់ស្កាត់មហារីកមាត់ស្បូន
12-08-2026 21:07
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជំរុញឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវរកមេរោគ HPV នៅក្នុងសហគមន៍ ដើម្បីទប់ស្កាត់ និងបង្ការជំងឺមហារីកមាត់ស្បូន។
ការថ្លែងណែនាំនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការធ្វើតេស្តរកវីរុស HPV ដែលមានការចូលរួមពីឆ្មប និងមន្ត្រីសុខាភិបាលសរុបចំនួន ៣៣នាក់។
លោកវេជ្ជបណ្ឌិត គួង ឡូ បានសង្កត់ធ្ងន់ថា ការបង្ការ និងទប់ស្កាត់ជំងឺមហារីកមាត់ស្បូន តម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីមន្ត្រីសុខាភិបាលគ្រប់រូប ជាពិសេសការចុះស្រាវជ្រាវរកមេរោគ HPV នៅក្នុងសហគមន៍ ការផ្តល់ប្រឹក្សាដល់ស្ត្រី និងការបញ្ជូនអ្នកដែលមានលទ្ធផលវិជ្ជមានទៅទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ លោកបានបន្ថែមថា ភាពជោគជ័យនៃការងារនេះ គឺអាស្រ័យលើការយកចិត្តទុកដាក់ខ្ពស់ និងការអនុវត្តការងារប្រកបដោយភាពម៉ត់ចត់ ដើម្បីធានាថាស្ត្រីគ្រប់រូបទទួលបានសេវាបង្ការ ការធ្វើតេស្ត និងការព្យាបាលបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យមន្ត្រីឆ្មបពង្រឹងការចុះស្រាវជ្រាវរកមេរោគ HPV ក្នុងសហគមន៍ឱ្យបានគ្រប់គោលដៅ ព្រមទាំងពង្រឹងការផ្តល់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ ដល់ ១៥ឆ្នាំ។ លោកក៏បានស្នើឱ្យមន្ត្រីសុខាភិបាលយកចិត្តទុកដាក់លើការសិក្សា និងការបណ្តុះបណ្តាល ដើម្បីទទួលបានចំណេះដឹង និងជំនាញថ្មីៗមកអនុវត្តក្នុងការងារ។
ក្រៅពីការងារបច្ចេកទេសលោក គួង ឡូ ក៏បានណែនាំឱ្យមន្ត្រីឆ្មបរៀបចំបន្ទប់ពិនិត្យផ្ទៃពោះ បន្ទប់សម្រាលកូន និងបន្ទប់ថែទាំក្រោយសម្រាល ឱ្យមានអនាម័យ ស្អាត និងមានរបៀបរៀបរយជាប្រចាំ ព្រមទាំងណែនាំមន្ត្រីសុខាភិបាលទាំងអស់ឱ្យរក្សារូបរាង និងការស្លៀកពាក់ឱ្យបានសមរម្យ ស្អាតបាត និងសមស្របជាមួយវិជ្ជាជីវៈសុខាភិបាល។
លោក គួង ឡូ បានបន្ថែមថា ការផ្តល់ការពន្យល់ និងប្រឹក្សាដល់ស្ត្រី គឺជាចំណុចសំខាន់មួយ ដើម្បីឱ្យពួកគាត់យល់ពីសារៈសំខាន់នៃការធ្វើតេស្ត HPV និងការព្យាបាលមហារីកមាត់ស្បូន ព្រមទាំងបង្កើនការចូលរួម និងកិច្ចសហការរបស់ស្ត្រីក្នុងការការពារសុខភាពរបស់ខ្លួន។
លោកបានអំពាវនាវឱ្យមន្ត្រីសុខាភិបាលទាំងអស់រួមគ្នាពង្រឹងការងារនេះឱ្យបានជាប់លាប់ ព្រោះការរកឃើញមេរោគ HPV បានឆាប់រហ័ស ការបញ្ជូនស្ត្រីដែលមានលទ្ធផលវិជ្ជមានទៅព្យាបាលបានទាន់ពេលវេលា និងការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន គឺជាវិធានការសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងបន្ទុកនៃជំងឺមហារីកមាត់ស្បូននៅក្នុងសហគមន៍៕












