យុវជន ស.ស.យ.ក. សាកលវិទ្យាល័យវេស្ទើន រៀបចំទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរំលឹកគុណសន្តិភាព
12-08-2026 20:14
(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រុមការងារយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យវេស្ទើន បានដឹកនាំនិស្សិត និងយុវជន ចុះបំពេញទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ទស្សនកិច្ចនេះធ្វើឡើងក្រោមមូលបទ៖ «អតីតកាលជាមេរៀន យុវជនជាកម្លាំងចលករ»។
ក្នុងដំណើរទស្សនកិច្ចនេះ និស្សិត និងយុវជនបានឆ្លងកាត់អារម្មណ៍ក្ដុកក្ដួល និងរំជួលចិត្តយ៉ាងខ្លាំង នៅពេលបានស្វែងយល់ពីទុក្ខវេទនាដ៏សែនឈឺចាប់ និងការបាត់បង់ជីវិតយ៉ាងអយុត្តិធម៌របស់បងប្អូនជនរួមជាតិជាងបីលាននាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការចងចាំនៅទីនេះ មិនមែនដើម្បីបន្សល់ទុកនូវការឈឺចាប់នោះឡើយ ប៉ុន្តែគឺជាការក្រើនរំលឹកដល់យុវជនឱ្យចេះស្រឡាញ់ជីវិត ស្រឡាញ់សន្តិភាព និងចេះការពារតម្លៃនៃសេចក្ដីសុខរបស់ជាតិ។
ទស្សនកិច្ចសិក្សានេះ មិនត្រឹមតែជួយឱ្យយុវជនបានយល់ដឹងពីប្រវត្តិសាស្ត្រជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពួកគាត់កាន់តែយល់ច្បាស់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសុខសន្តិភាពពេញលេញ ដែលកម្ពុជាទទួលបានក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដ៏ថ្លៃថ្លា និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគាត់បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ក៏ដូចជាការបន្តវេនបំពេញភារកិច្ចជាកម្លាំងចលករដ៏សកម្មក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។ ស្មារតីសន្តិភាពនាពេលបច្ចុប្បន្ន គឺជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដែលបានមកពីការលះបាច់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរស និងថ្នាក់ដឹកនាំ។























