FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឌិត ទីណា ជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តស្ទឹងត្រែង

12-08-2026 19:21

(ស្ទឹងត្រែង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តស្ទឹងត្រែង ដើម្បីតម្រង់ទិសការងារលើការគាំទ្រវិស័យកសិកម្មនៅមូលដ្ឋាន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង លោកអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរកសិកម្ម និងមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ៣៧រូប។

នាឱកាសនោះ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានថ្លែងរបាយការណ៍សង្ខេបវឌ្ឍនភាពផ្សេងៗក្នុងមូលដ្ឋាន និងការចូលរួមដោះស្រាយបញ្ហានានារបស់មន្ត្រីកសិកម្មឃុំ-សង្កាត់។

លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងកោតសសើរពីការចូលរួមយ៉ាងសកម្មរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងការជួយអន្តរាគមន៍បញ្ហារបស់កសិករបានទាន់ពេលវេលា ផ្ដល់ការពិគ្រោះយោបល់ផ្នែកបច្ចេកទេស និងជួយតម្រង់ទិសកសិករ ស្របតាមគោលនយោបាយ «មានហូប មានប្រើ មានបាន និងមានរហូត»។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃ កម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលផ្តោតសំខាន់លើការលើកកម្ពស់ផលិតកម្មកសិកម្ម ការរក្សាស្ថិរភាពថ្លៃផលិផលកសិផល និងការបញ្ជូនមន្ត្រីជំនាញកសិកម្មទៅផ្ទាល់ដល់គ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។ គោលនយោបាយនេះធ្វើឡើងដើម្បីធានាថា កសិករទទួលបានការគាំទ្រផ្នែកបច្ចេកទេស ព័ត៌មានទីផ្សារ និងការដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា។

លោករដ្ឋមន្ត្រី ក៏បានរំលេចពីគោលនយោបាយសហគមន៍កសិកម្មទំនើប ដែលជួយកាត់បន្ថយថ្លៃដើមចំណាយជូនកសិករ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ បញ្ចៀសហានិភ័យទីផ្សារ។

មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដេីម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រេីការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់នឹងសហគមន៍កសិកម្មទំនេីប មានផលចំណេញសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕