បណ្ឌិត ញិល រដ្ឋា ចង់ឃើញកូតាកម្ពុជាទៅរៀននៅរុស្ស៉ីដល់ ៦០០នាក់ ខណៈកូតាវៀតណាមមាន ៦ ០០០នាក់ ក្នុងមួយឆ្នាំ (Video inside)
12-08-2026 17:29
(ភ្នំពេញ)៖ បណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានថ្លែងថា កូតាវៀតណាមទៅរៀននៅរុស្ស៊ី ប្រមាណ ៦ ០០០នាក់ ក្នុងមួយឆ្នាំ ហេតុនេះលោកចង់ឃើញរដ្ឋាភិបាលរុស្ស៉ី តម្លើងកូតាកម្ពុជាឲ្យបាន ៥០០ ឬ ៦០០ ក្នុងមួយឆ្នាំ ទើបសមមូលនឹងគ្នា។
លោកថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល និស្សិតទើបបញ្ចប់ការសិក្សាពីសហព័ន្ធរុស្ស៊ី និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ព្រមទាំងប្រតិភូយុវជនកម្ពុជាដែលនឹងអញ្ជើញចូលរួមកម្មវិធី World Youth Festival 2026 នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
លោកបណ្ឌិត ញិល រដ្ឋា លើកឡើងថា រុស្ស៊ី ដើម្បីធនធានមនុស្ស គេបានចែករំលែកចំណេះដឹងចេញពីបេះដូង ដូច្នេះបានជាវៀតណាម-ចិនមកដល់ពេលនេះ ក្លាយទៅជាប្រទេសដែលនាំមុខគេនៅក្នុងពិភពលោក និងអាស៊ាន ដោយសារតែការរៀននៅរុស្ស៉ី។
លោកបានបញ្ជាក់បន្ថែមថា «យុវជនដែលមកអង្គុយទីនេះ … នៅមានតិចតួចនៅឡើយបើប្រៀបធៀបនឹងវៀតណាម ដោយមិនគិតចំនួនមនុស្សដែលត្រូវទៅដូចវៀតណាម ៦ ០០០នាក់។ ប្រសិនជាយុវជនបានតែ ៥០០ នាក់ ៦០០ នាក់ គឺប្រហាក់ប្រហែលគ្នានឹងចំនួនមួយឆ្នាំដូចគ្នា»។
លោកបានបញ្ជាក់ទៀតថា វៀតណាមមិនមានជីវភាពអស្ចារ្យទេ តែគេទៅរៀននៅរុស្ស៉ី ដោយសារវិទ្យាសាស្ត្ររបស់រុស្ស៊ីខ្លាំង។ លោកបានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ បន្តទំនាក់ទំនងរុស្ស៊ីតាមរយៈការទូតប្រជាជន និងប្រជាជន ខណៈចំពោះលោក គឺខិតខំតាមរយៈសមាគម និងស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងភ្នំពេញ ជាពិសេសជាមួយមជ្ឈមណ្ឌលវប្បធម៌។
សូមជម្រាបថា វៀតណាម មានចំនួនប្រជាជនជាង ១០២លាននាក់ ខណៈកម្ពុជាមានជាង ១៧លាននាក់ ហើយបើគិតតែចំនួនប្រជាជនគឺខុសគ្នា តែបើគិតកូណាវៀតណាមទៅរៀននៅរុស្ស៉ី ខុសគ្នាដល់ទៅ ១០០ដងឯណោះ។
ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តែងតែផ្តល់អាហារូបករណ៍ប្រមាណ៤០ ដល់ ៧០កន្លែង (ឬច្រើនជាងនេះបន្តិចតាមឆ្នាំសិក្សាជាក់ស្តែង) ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា សម្រាប់គ្រប់កម្រិតសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត។ មាននិស្សិតជាង ៨ ០០០នាក់ បានបញ្ចប់ការសិក្សាពីប្រទេសរុស្ស៊ី តាំងពីសម័យសហភាពសូវៀតមក៕









