ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងព្រះសង្ឃ ចុះសួរសុខទុក្ខ និងចែកអំណោយជូនវីរកងទ័ពទិសខេត្តឧត្តរមានជ័យ និងទិសខេត្តព្រះវិហារ
12-08-2026 17:12
(ឧត្តរមានជ័យ-ព្រះវិហារ)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តព្រៃវែង រួមនិងព្រះសង្ឃ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពសមរភូមិមុខ នៅទិសខេត្តឧត្តរមានជ័យ និងទិសខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ហើយសូមបន្តរួបរួមគ្នា និងជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំដ៏ឈ្លាសវៃ សម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ វីរកងទ័ព ប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ចផងដែរ។
លោកបណ្ឌិត ឃួន សុវណ្ណ បានគូសបញ្ជាក់ថា ការចែកជូនអំណោយដល់វីរកងទ័ពនាពេលនេះ អាចសម្រួលការលំបាករបស់បងប្អូនបានមួយគ្រា ដែលសមរភូមិក្រោយ តែងតែនៅជាប់ជានិច្ចជាមួយកងទ័ព រួមសុខរួមទុក្ខជាមួយកងទ័ព និងប្រជាជនគ្រប់កាលៈទេសៈ៕











