FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រៃវែង បន្តពង្រឹងការល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ

12-08-2026 17:09

(ព្រៃវែង)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បាននិងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សកម្មភាពល្បាតនេះ មានគោលបំណងធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពល្អប្រសើរ ក៏ដូចជាបង្ការ និងទប់ស្កាត់រាល់បទល្មើសនានាឱ្យមានប្រសិទ្ធភាព។

ក្នុងនោះ រួមមានបញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ និងការលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើង ដែលតែងបង្កឱ្យមានការចលាចល និងអសន្តិសុខក្នុងសហគមន៍។ កម្លាំងនគរបាលទាំងអស់ ពិសេសនៅតាមបណ្ដាអធិការដ្ឋាន នគរបាលស្រុក-ក្រុងទាំង ១៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានត្រៀមខ្លួនជាស្រេចដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ការបន្តពង្រឹងការងារល្បាតចល័តនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្លាំងនគរបាលខេត្តព្រៃវែង ក្នុងការបំពេញតួនាទីជាអ្នកថែរក្សាសន្តិសុខជូនជាតិ និងប្រជាជន។ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរនេះ អាជ្ញាធរមានសមត្ថកិច្ចសង្ឃឹមយ៉ាងមុតមាំថា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនឹងត្រូវបានធានាបានកាន់តែប្រសើរឡើង ធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្តៅ និងគ្មានការភ័យខ្លាច៕