ដីមានបណ្ណ ម្ចាស់មានភាពកក់ក្តៅ៖ អាជ្ញាធរខេត្តព្រះវិហារ បន្តចែកបណ្ណកម្មសិទ្ធដីធ្លីចំនួនជិត ១ ៤០០បណ្ណ ដល់ប្រជាពលរដ្ឋភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង
12-08-2026 16:33
(ព្រះវិហារ)៖ លោក មិន ស៉ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ចំនួន ១ ៣៧៦បណ្ណ ដើម្បីបញ្ជាក់ និងធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋលើអចលនវត្ថុរបស់ខ្លួន។
លោក មិន ស៊ីថា បានថ្លែងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការផ្តល់នូវឯកសារផ្លូវការដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ និងភាពជាម្ចាស់លើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ និងជួយកាត់បន្ថយបញ្ហាវិវាទដីធ្លីនៅមូលដ្ឋាន។
លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា និងប្រើប្រាស់ដីធ្លីឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ ព្រមទាំងរក្សាឯកសារសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានល្អ ដើម្បីប្រើប្រាស់ជាភស្តុតាងសម្រាប់ការប្រតិបត្តិការផ្សេងៗដែលពាក់ព័ន្ធនឹងអចលនវត្ថុនាពេលអនាគត។
លោកថា ការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាការផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ខ្លួន ព្រមទាំងរួមចំណែកដល់ការពង្រឹងសណ្តាប់ធ្នាប់ និងការគ្រប់គ្រងដីធ្លីនៅតាមមូលដ្ឋានផងដែរ៕












