FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងបាវិត

12-08-2026 16:06

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានសហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឿន ស៊ូហាក់ នៅចំណុច ផ្ទះរបស់ខ្លួន ស្ថិតនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៦ខែសីហា ឆ្នាំ២០២៦វេលា ម៉ោង៦៖១០នាទីល្ងាច ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយក្នុងពាក្យបណ្ដឹង បានរៀបរាប់ដូចគ្នាថា ពួកខ្លួនជាកម្មកររោងចក្រអាយរ៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បានជិះម៉ូតូយកមកទុកនៅរោងកន្លែងកម្មករផ្ញើរម៉ូតូរៀងរាល់ព្រឹក ហើយដើរទៅចូលរោងចក្រធ្វើការធម្មតា។

រហូតដល់ម៉ោង៤៖៣០នាទីល្ងាច ពួកខ្លួនចេញពីធ្វើការដើរទៅកន្លែងផ្ញើម៉ូតូមិនឃើញម៉ូតូទាំង៣នាក់ ក៏នាំគ្នាដើររក តែរកមិនឃើញសោះ ក៏ឲ្យក្រុមហ៊ុនជួយឆែកកាំមេរ៉ាសុវត្តិភាពមើល ឃើញសន្តិសុខទាំង៣នាក់ បានលួចយកម៉ូតូរបស់ពួកខ្លួនជិះម៉ូតូចេញទៅបាត់។

ក្រោយពេលទទួលបណ្ដឹងរួច ដោយមានបទបញ្ជារពីលោក សំ សំអុល អធិការនគរបាលក្រុងបាវិត សមត្ថកិច្ចជំនាញព្រហ្មទណ្ឌក្រុង សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញ ស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាព ឃើញថា នៅវេលាម៉ោង១៣៖៤០នាទី នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមជនសង្ស័យជិះម៉ូតូម្នាក់១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះខាងលើ បើកចេញពីរោងចក្រ តំបន់សានតុង ជិះទៅទិសដៅទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ១ ។

សមត្ថកិច្ចបានស្រាវជ្រាវតាមវិធានការជំនាញ កំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានពន្លាតដែនដី សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកថ្មគោល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សឿន ស៊ូហាក់ រួមទាំង ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ឆ្នាំផលិត២០២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1V.3020 (វត្ថុតាងជាម៉ូតូរបស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចជំនាញនៃអធិការនគរបាលក្រុងបាវិត បានកសាងសំណុំរឿង បញ្ជួនទៅការិយាល័យជំនាញ ចាត់ការបន្តនីតិវិធីតាមផ្លុវច្បាប់។ ចំណែកបក្ខពួកជនសង្ស័យដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕