បណ្ឌិត កៅ ថាច ចុះពិនិត្យមើលបច្ចេកទេសដាំស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់ របស់កសិករនៅស្រុកឆែប ខេត្តព្រះវិហារ
12-08-2026 15:26
(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានពិនិត្យមើល និងស្វែងយល់អំពីបច្ចេកទេសដាំដុះដំណាំស្ពៃក្រញ៉ាញ់ នៅក្នុងផ្ទះសំណាញ់ដែលមានទីតាំង ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
ការអញ្ជើញចុះពិនិត្យផ្ទះសំណាញ់ខាងលើរបស់បណ្ឌិត កៅ ថាច បន្ទាប់ពីបានបញ្ចប់ពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ។
បច្ចុប្បន្នការផលិតបន្លែរបស់ កសិករ ឈ្មោះ ចន គឹមស្រស់ និងភរិយា យឹង ថាវី ខាងលើកំពុងដាំដុះស្ពៃក្រញ៉ាញ់ក្នុងផ្ទះសំណាញ់ចំនួន៣រោង អនុវត្តទៅតាមបច្ចេកទេស និងការដាំដុះបែបកសិកម្មល្អ ដែលធានាគុណភាព និងសុវត្ថិភាពផងដែរ។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការដាំដុះបន្លែ ព្រមទាំងសិក្សាអំពីបច្ចេកទេស ថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមនានា ដែលកសិករកំពុងជួបប្រទះរួចមក បណ្ឌិត កៅ ថាច ក៏បានបង្ហាញការគាំទ្រនឹងជំរុញឲ្យមានការអភិវឌ្ឍកសិកម្ម នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាមួយនឹងការធានាចីរភាពនៅលើទីផ្សារ ជាពិសេស ការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការជំរុញការអនុវត្តបច្ចេកទេសកសិកម្មទំនើបផងដែរ៕










