FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជិត ៣ពាន់នាក់ នៅខេត្តប៉ៃលិន ទទួលបានការបណ្ដុះបណ្ដាលជំនាញ និងមានការងារតាមរយៈកម្មវិធី TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាល

12-08-2026 15:18

(ប៉ៃលិន)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន(PLPTC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបណ្ដុះបណ្ដាលជំនាញពលរដ្ឋ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យជិត ៣ពាន់កន្លែងឱ្យមានជំនាញ និងមានការងារធ្វើតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥ លាននាក់។

បើតាមវិទ្យាស្ថាន PLPTC បានឱ្យដឹងថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ២ ៨៨៥នាក់ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២ ១៦១នាក់។

វិទ្យាស្ថានបានឱ្យដឹងថា វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ជំនាញ ១០រួមមាន ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, និងការកែច្នៃបន្លែ និងផ្លែឈើ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕