FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង

12-08-2026 15:16

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» ដើម្បីធ្វើឱ្យមុខងារ ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការកាន់តែច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារ។

ការដឹកនាំកិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីមានអនុក្រឹត្យថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដែលត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីគ្រប់រូបយល់ច្បាស់ពីតួនាទី ភារកិច្ច សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់ខ្លួន ស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មីរបស់ក្រសួង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង មិនមែនគ្រាន់តែជាការរៀបចំឯកសាររដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់រៀបចំរចនាសម្ព័ន្ធការងារ ការបែងចែកភារកិច្ច និងការប្រើប្រាស់ធនធានមនុស្សឱ្យចំគោលដៅ។ តាមរយៈការកំណត់តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ នឹងជួយកាត់បន្ថយការត្រួតស៊ីគ្នានៃការងារ បង្កើនការទទួលខុសត្រូវ និងជំរុញប្រសិទ្ធភាពក្នុងការបំពេញការងាររបស់មន្ត្រីរាជការ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទថ្មីនៃការកែទម្រង់ ក្រសួងព័ត៌មានត្រូវបន្តពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។

បើតាមលោក រស់ ថាន់សន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាន បានលើកឡើងថា ការវិភាគ និងកំណត់មុខតំណែងមន្ត្រីរាជការក្រសួងព័ត៌មាន គឺជាកិច្ចការដ៏សំខាន់ ដើម្បីធានាឱ្យការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីមានភាពច្បាស់លាស់ និងស្របតាមមុខងាររបស់អង្គភាព។

លោកបានបញ្ជាក់ថា ការងារនេះក៏ជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពនៃការបំពេញការងារ ព្រមទាំងធានាឱ្យមន្ត្រីគ្រប់រូបមានការទទួលខុសត្រូវច្បាស់លាស់តាមមុខតំណែងរបស់ខ្លួន។

ជាមួយគ្នានេះ ការរៀបចំ «ការកំណត់មុខតំណែង និងពិពណ៌នាមុខតំណែង» ត្រូវធ្វើឡើងដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងផ្អែកលើស្ថានភាពការងារជាក់ស្តែង ដើម្បីធានាថា មុខតំណែងនីមួយៗមានតម្លៃ និងតួនាទីច្បាស់លាស់ មិនមានភាពស្ទួនគ្នា និងអាចវាស់វែងលទ្ធផលការងារបាន។

ការងារនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចស្ថាប័ន និងការកសាងរដ្ឋបាលសាធារណៈទំនើប ដែលមានមន្ត្រីប្រកបដោយសមត្ថភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ ស្របតាមទិសដៅកែទម្រង់របស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ក្រសួងព័ត៌មានក្នុងបរិបទឌីជីថល៕