FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ នៅក្រុងសៀមរាប ទទួលបានអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

12-08-2026 14:53

(សៀមរាប)៖ លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប តំណាងរបស់លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្ត នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះលំនៅឋាន នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ។

ក្នុងឱកាសនោះ លោក នួន ពុទ្ធារ៉ា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលលោកតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកអ្នកណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកក៏បានសម្ដែងនូវក្ដីសោកស្ដាយ ចំពោះការបាត់បង់ដោយសារឧបទ្ទវហេតុដែលបានកើតឡើងនេះ ដែលគ្មាននរណាម្នាក់ចង់ជួបឡើយ។ លោកបន្តថា ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ ១០០គីឡូក្រាម, ទឹកត្រី ២យួរ, មី ២កេស, ត្រីខ ២យួរ, អំបិល ២គីឡូក្រាម, កន្ទេល២, មុង២, ភួយ២, សារុង២, ក្រមា ២, ស័ង្កសី ២០សន្លឹក និងថវិកា ៣លានរៀលផងដែរ៕